អាស៊ាន និងសហរដ្ឋអាមេរិក ចង់បង្កើនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

0

បរទេស៖ នៅក្នុងកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-សហរដ្ឋអាមេរិកនៅទីក្រុងហ្សាការតាកាលពីថ្ងៃទី១៧ ខែឧសភា តំបន់អាស៊ាន និងសហរដ្ឋអាមេរិកបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ពួកគេកាន់តែមានអត្ថន័យ ខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក។

កិច្ចប្រជុំនោះបានទទួលស្គាល់ថា ភាពជាដៃគូយូរអង្វែងរវាងអាស៊ាន-សហរដ្ឋអាមេរិកបានពង្រីកដើម្បីគ្របដណ្តប់ទៅលើវិស័យនៃកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយលើសសរស្តម្ភទាំងបីនៃសហគមន៍អាស៊ាន។

មន្ត្រីនៃភាគីទាំងពីរក៏បានកត់សម្គាល់អំពីវឌ្ឍនភាពក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-សហរដ្ឋអាមេរិក (ឆ្នាំ២០២១-២០២៥) ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់។

ពួកគេបានពិភាក្សាគ្នាអំពីវិស័យដែលកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងប្រកបដោយអត្ថន័យអាចត្រូវបានពង្រឹងបន្ថែមទៀត រួមទាំងកិច្ចសហប្រតិបត្តិការលើដែនសមុទ្រ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងសន្តិសុខតាមអ៊ីនធើណេត សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្ម ការវិនិយោគ និងស្ថិរភាពហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យម (MSME) សន្តិសុខថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ព្រមទាំងបច្ចេកវិទ្យាដឹកជញ្ជូនដែលធន់នឹងអាកាសធាតុ ទីក្រុងឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ប្រកបដោយចីរភាព។

ភាគីទាំងពីរក៏ទន្ទឹងរង់ចាំការអនុម័តឧបសម្ព័ន្ធនៃផែនការសកម្មភាពអាស៊ាន-សហរដ្ឋអាមេរិកនៅចុងឆ្នាំនេះផងដែរ។

ការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានចែករំលែកនូវសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួនបួន ដែលមានចែងនៅក្នុងទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (AOIP)។ ពួកគេក៏បានលើកឡើងអំពីសារៈសំខាន់នៃការធ្វើឱ្យកាន់តែស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការអនុតំបន់ និងគាំទ្រគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យដែលកំពុងមានការរីកចម្រើន ដូចជាភាពធន់នឹងសុខភាពក្នុងតំបន់ បរិស្ថាន និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ កសិកម្មប្រកបដោយចីរភាព និងសន្តិសុខស្បៀងអាហារជាដើម៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា