បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងឌីជីថលរបស់ប្រទេសម៉ាឡេស៊ី លោក ហ្វាហ៍មី ហ្វាដហ្ស៊ីល (Fahmi Fadzil) បាននិយាយថា សេដ្ឋកិច្ចឌីជីថលត្រូវបានគេរំពឹងថានឹងរួមចំណែក ២៥,៥% ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសម៉ាឡេស៊ីនៅត្រឹមឆ្នាំ២០២៥ ហើយប្រទេសនេះនឹងទាក់ទាញការវិនិយោគសំខាន់ៗទៅកាន់មជ្ឈមណ្ឌលទិន្នន័យ នវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថលក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
លោក ហ្វាហ៍មី បាននិយាយថា ជាមួយនឹងកំណើនវិជ្ជមាននាពេលបច្ចុប្បន្ននៃសេដ្ឋកិច្ច និងការវិនិយោគនាពេលខាងមុខ ប្រទេសម៉ាឡេស៊ីអាចសម្រេចបាននូវអត្រារួមចំណែកខាងលើនេះលឿនជាងការរំពឹងទុក។
ទន្ទឹមនឹងនេះដែរ មជ្ឈមណ្ឌលទិន្នន័យ Vantage ដែលជាក្រុមហ៊ុនផ្តល់សេវាមជ្ឈមណ្ឌលទិន្នន័យខ្នាតធំលំដាប់ពិភពលោកឈានមុខគេនៅសហរដ្ឋអាមេរិក បានប្រកាសពីការអភិវឌ្ឍនៃមជ្ឈមណ្ឌលទិន្នន័យទីពីរនៅក្នុងប្រទេសម៉ាឡេស៊ីជាមួយនឹងការវិនិយោគបន្ថែមចំនួន ១៣,៣២ប៊ីលានរីងហ្គីត (៣ប៊ីលានដុល្លារអាម៉េរិក)។
មជ្ឈមណ្ឌលនេះនឹងក្លាយជាមជ្ឈមណ្ឌលទិន្នន័យដ៏ធំបំផុតរបស់ក្រុមហ៊ុ Vantage នៅអាស៊ីអាគ្នេយ៍ និងក្នុងតំបន់។
លោក ហ្វាហ៍មី បាននិយាយថា ការប្រកាសបែបនេះ គឺជាសញ្ញាវិជ្ជមានដែលបង្ហាញថា អ្នកវិនិយោគបរទេសនៅតែជ្រើសរើសប្រទេសម៉ាឡេស៊ីជាគោលដៅវិនិយោគដែលពេញចិត្ត។
លោកបាននិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការធានាឱ្យបាននូវការវិនិយោគប្រកបដោយចីរភាព ដោយការពង្រីកក្រុមដែលមានទេពកោសល្យក្នុងស្រុក រួមទាំងអ្នកសរសេរកម្មវិធី អ្នកបង្កើតគំនូរជីវចល និងសហគ្រិននៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា