បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក ស៊ីយ៉ារុល យ៉ាស៊ីន លីមប៉ូ (Syahrul Yasin Limpo) និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងជនបទរបស់កូរ៉េខាងត្បូង លោក ជុង វ៉ាងគឹន (Chung Hwang-keun) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ (MoU) ស្តីពីវិស័យកសិកម្ម កាលពីថ្ងៃទី១៦ ខែឧសភា នៅទីក្រុងហ្សាការតា។
រដ្ឋមន្ត្រីឥណ្ឌូណេស៊ីបាននិយាយថា ក្រៅពី MoU នោះ ភាគីទាំងពីរបានពិភាក្សាគ្នាទៅលើទិដ្ឋភាពជាច្រើនទៀតជាមួយគ្នា រួមទាំងការបង្កើតក្រុមការងាររវាងក្រសួងទាំងពីរដើម្បីពង្រឹងកិច្ចពិភាក្សាឱ្យកាន់តែស៊ីជម្រៅផងដែរ។
យោងតាមលោក លីមប៉ូ បានឱ្យដឹងថា កិច្ចពិភាក្សាមួយក្នុងចំណោមកិច្ចពិភាក្សាសំខាន់ៗជាមួយរដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ជុង ទាក់ទងនឹងបញ្ហាអំពីរបៀបបំពេញតម្រូវការរបស់ឧស្សាហកម្មទឹកដោះគោ និងដឹងពីការផ្តល់ហិរញ្ញប្បទានសម្រាប់ឧស្សាហកម្មគោ។ ប្រទេសនៅតំបន់អាស៊ីបូព៌ានេះត្រូវបានគេជឿថា នឹងសម្លឹងរកការវិនិយោគក្នុងឧស្សាហកម្មទឹកដោះគោរបស់ឥណ្ឌូណេស៊ី។
រដ្ឋមន្ត្រីឥណ្ឌូណេស៊ីបាននិយាយថា មានការប្តេជ្ញាចិត្តមួយចំនួនដែលនឹងត្រូវបញ្ជាក់ឱ្យបានលម្អិត ជាពិសេសទាក់ទងនឹងកសិកម្មឆ្លាតវៃ និងបច្ចេកវិទ្យាកសិកម្ម។ លោកក៏បានបង្ហាញផងដែរថា លោក ជុង បានផ្តល់ឱកាសដល់កសិករវ័យក្មេងឥណ្ឌូណេស៊ីដើម្បីធ្វើកម្មសិក្សានៅកូរ៉េខាងត្បូង។
លោកបាននិយាយថា លោករំពឹងថាឧស្សាហកម្មកសិកម្មនៅកូរ៉េខាងត្បូងនឹងវិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដូច្នេះឧបករណ៍ និងគ្រឿងយន្តកសិកម្មដែលត្រូវការនឹងលែងត្រូវការនាំចូលទៀតហើយ ប៉ុន្តែអាចផលិតនៅក្នុងប្រទេសឥណ្ឌូណេស៊ីបានតាមរយៈកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង។
បញ្ហាមួយចំនួនអំពីការសម្របសម្រួលពាណិជ្ជកម្មក៏ត្រូវបានពិភាក្សាផងដែរក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ពួកគេ ដូចជាវិធីក្នុងការផ្តល់វិញ្ញាបនបត្រ និងជំនួយ ក៏ដូចជាពង្រឹងទំនុកចិត្តជាដើម។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ជុង បាននិយាយថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) ប្រទេសឥណ្ឌូណេស៊ីបានបោះជំហានយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកំណើនសេដ្ឋកិច្ច។
លោកបាននិយាយបន្ថែមថា ប្រទេសឥណ្ឌូណេស៊ីជាប្រទេសប្រជុំកោះដ៏ធំ និងមានប្រជាជនច្រើនជាងគេលំដាប់ទីបួនក្នុងពិភពលោក ដែលមានគុណសម្បត្តិច្រើនលើសលប់៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា