ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្ត្រីកាណាដា ព្រមព្រៀងគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែសំខាន់ៗ

0

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) និងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរក្នុងការធានាខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ និងបង្កើនឱកាសសម្រាប់យុវជនរបស់ប្រទេសទាំងពីរក្នុងការធ្វើការងារ និងធ្វើដំណើរនៅក្នុងប្រទេសគ្នាទៅវិញទៅមក។

មេដឹកនាំទាំងពីរបានឈានដល់កិច្ចព្រមព្រៀងនេះនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលមួយដែលបានធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីលោក ទ្រូដូ បានទៅដល់ទីក្រុងសេអ៊ូលក្នុងដំណើរទស្សនកិច្ចផ្លូវការ ដែលជាការប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោក យូន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមមួយនៅការិយាល័យប្រធានាធិបតីថា «យើងបានអនុម័តសេចក្តីថ្លែងការណ៍រួមមួយ និងវាយតម្លៃសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរបស់យើងរហូតមកដល់ពេលនេះ ខណៈដែលយើងព្រមព្រៀងគ្នាក្នុងការកសាងភាពជាដៃគូដ៏រឹងមាំក្នុងរយៈពេល ៦០ឆ្នាំខាងមុខសម្រាប់ពិភពលោកដែលមានសន្តិភាព ប្រជាធិបតេយ្យកាន់តែច្រើន យុត្តិធម៌ និងវិបុលភាពជាងមុន»។

សេចក្តីថ្លែងការណ៍រួមដែលមានចំណងជើងថា «ភាពរឹងមាំជាមួយគ្នាសម្រាប់រយៈពេល ៦០ឆ្នាំខាងមុខ» នោះបាននិយាយថា លោក យូន និងលោក ទ្រូដូ បានពិនិត្យមើលវឌ្ឍនភាពដែលសម្រេចបានចាប់តាំងពីពួកគេបានព្រមព្រៀងគ្នាធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលកាលពីមុនរបស់ពួកគេនៅទីក្រុងអូតាវ៉ាកាលពីក្នុងខែកញ្ញា។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនោះ រដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ ការផ្លាស់ប្តូរថាមពលស្អាត និងសន្តិសុខថាមពល៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា