បណ្តាប្រទេសនៅ​អឺរ៉ុប​ដែល​ដឹកនាំ​ដោយ​ប៉ូឡូញ ​ជំរុញឱ្យទី​ក្រុង​កៀវ​បញ្ចប់​ជម្លោះ

0

បរទេស៖ ក្រុមនៃបណ្តាប្រទេសនៅអឺរ៉ុបដែលដឹកនាំដោយប្រទេសប៉ូឡូញកំពុងជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) បញ្ចប់ជម្លោះ។ នេះបើយោងតាមអ្នកសារព័ត៌មានស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក លោក សីមួរ ហឺស្ស (Seymour Hersh) បានសរសេរនៅលើគេហទំព័ររបស់លោក។

លោក ហឺស្ស បានកត់សម្គាល់ថា «ក្រុមប្រទេសនេះត្រូវបានដឹកនាំដោយប្រទេសប៉ូឡូញ ហើយវាបានជំរុញដោយស្ងាត់ស្ងៀមទៅលោក ហ្សេលេនស្គី ឱ្យស្វែងរកវិធីដើម្បីបញ្ចប់សង្រ្គាម សូម្បីតែដោយការលាលែងពីតំណែងដោយខ្លួនឯងក៏ដោយប្រសិនបើមានការចាំបាច់»។

យោងតាមអ្នកសារព័ត៌មានរូបនេះបានឱ្យដឹងថា ក្រុមប្រទេសនេះរួមមានប្រទេសបាល់ទិក និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើត ដែលរួមមានប្រទែសហុងគ្រី ឡាតវី លីទុយអានី និងអេស្តូនី។

លោក ហឺស្ស បាននិយាយបន្ថែមថា ប្រធានាធិបតីអ៊ុយក្រែនមិនមានភាពច្របូកច្របល់ទេ ហើយកំពុងចាប់ផ្តើមបាត់បង់ការគាំទ្រឯកជនពីអ្នកជិតខាងរបស់លោក។

អ្នកសារព័ត៌មានអាមេរិករូបនេះបាននិយាយនៅពេលមុននេះដោយដកស្រង់ពីប្រភពរបស់លោកថា ប្រទេសអ៊ុយក្រែនស្ថិតក្នុងស្ថានភាពលំបាក ហើយរយៈពេលនៃជម្លោះគឺពឹងផ្អែកតែទៅលើចំនួនជនជាតិអ៊ុយក្រែនដែលនៅរស់រានមានជីវិតដែលលោក ហ្សេលេនស្គី សុខចិត្តលះបង់៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា