បរទេស៖ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌លោក ម៉ារទីន ហ្គ្រីហ្វហ្វីធស៍ (Martin Griffiths) បានអំពាវនាវឱ្យមានការបន្តនៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន និងផលិតផលកសិកម្មផ្សេងទៀតពីកំពង់ផែសមុទ្រខ្មៅ។
លោកបាននិយាយនៅក្នុងកិច្ចប្រជុំខ្លីមួយរបស់ក្រុមប្រឹក្សាសន្តិសុខថា ការនាំចេញអាហារ និងជីពីប្រទេសរុស្ស៊ីជាការបន្តការរួមចំណែកយ៉ាងសំខាន់ដល់សន្តិសុខស្បៀងអាហារពិភពលោក ខណៈដែលទំនិញជាង ៣០លានតោនត្រូវបាននាំចេញដោយសុវត្ថិភាពពីអ៊ុយក្រែនក្រោមគំនិតផ្តួចផ្តើមនេះ។
លោកបាននិយាយថា ការនាំចេញនោះរួមមានស្រូវសាលីប្រហែល ៦០០.០០០តោនដែលដឹកជញ្ជូនដោយកម្មវិធីស្បៀងអាហារពិភពលោកក្នុងការគាំទ្រដោយផ្ទាល់ដល់ប្រតិបត្តិការមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អេត្យូពី កេនយ៉ា សូម៉ាលី និងយេម៉ែន។
លោកបាននិយាយតាមរយៈតំណភ្ជាប់វីដេអូពីទីក្រុងហ្សឺណែវថា នេះគឺជាការរីកចម្រើនដែលមិនអាចប្រកែកបាន។ ប៉ុន្តែនៅមានច្រើនទៀតដែលត្រូវធ្វើ។ ការផ្គត់ផ្គង់ដែលអាចព្យាករបានសម្រាប់ប្រតិបត្តិការជំនួយស្បៀងអាហារមនុស្សធម៌នៅតែបន្តត្រូវបានទាមទារ ។
គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅត្រូវបានចុះហត្ថលេខាដាច់ដោយឡែកមួយដោយប្រទេសរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលជាមួយតួកគី និងអង្គការសហប្រជាជាតិកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងដែលចាប់ផ្តើមមានសុពលភាពរយៈពេល ១២០ថ្ងៃនេះ ត្រូវបានបន្តនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ រយៈពេល ១២០ថ្ងៃទៀតរហូតដល់ថ្ងៃទី១៨ ខែមីនា នៅឆ្នាំ២០២៣។ ក្រោយមក ប្រទេសរុស្ស៊ីបានព្រមព្រៀងបន្តកិច្ចព្រមព្រៀងនេះរយៈពេល ៦០ថ្ងៃទៀត រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។
លោកបាននិយាយថា ការបន្តគំនិតផ្តួចផ្តើមសមុទ្រខ្មៅនេះមានសារៈសំខាន់ណាស់ ក៏ដូចជាការប្តេជ្ញាចិត្តឡើងវិញរបស់ភាគីចំពោះប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងដោយរលូន។ យើងនឹងបន្តអំពាវនាវឱ្យភាគីទាំងអស់បំពេញការទទួលខុសត្រូវរបស់ពួកគេ ខណៈដែលពិភពលោកកំពុងឃ្លាំមើលយ៉ាងដិតដល់។
លោកបាននិយាយបន្តថា វាជាការចាំបាច់ណាស់ដែលយើងស្វែងរកគ្រប់ជម្រើសដើម្បីឈានដល់ការជួយជនស៊ីវិល ទោះនៅទីណាក៏ដោយ។ ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ភាគីទាំងអស់ត្រូវអនុញ្ញាតឱ្យមានការឆ្លងកាត់ប្រកបដោយសុវត្ថិភាព ឆាប់រហ័ស និងគ្មានការរារាំង នៃការផ្តល់ជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលដែលត្រូវការជំនួយ ហើយត្រូវធានាថា បុគ្គលិកមានសេរីភាពក្នុងការធ្វើដំណើរដែលត្រូវការសម្រាប់ការងាររបស់ពួកគេ។ ខ្ញុំជំរុញឱ្យភាគីនានាជួយពង្រឹង និងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដូច្នេះយើងអាចជួយទៅដល់ជនស៊ីវិលទាំងអស់ដែលត្រូវការជំនួយ»៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា