បរទេស៖ គណៈកម្មាធិការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិនបាននិយាយថា ប្រទេសចិននឹងទទួលយកអត្រាពន្ធដែលខ្លួនបានសន្យាក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចំពោះការនាំចូលមួយចំនួនពីប្រទេសហ្វីលីពីនចាប់ពីថ្ងៃទី២ ខែមិថុនាឆ្នាំនេះ។
អត្រាប្រចាំឆ្នាំសម្រាប់ឆ្នាំបន្តបន្ទាប់នឹងត្រូវបានអនុវត្តនៅថ្ងៃទី១ ខែមករា ជារៀងរាល់ឆ្នាំ។
ការអនុវត្តនេះមានន័យថា ចាប់ពីថ្ងៃទី២ ខែមិថុនា ឆ្នាំនេះ កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមានសម្រាប់សមាជិកទាំង១៥ ។
កិច្ចព្រមព្រៀង RCEP ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយប្រទេសចំនួន១៥ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរួមមានសមាជិកចំនួន ១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី និងនូវែលសេឡង់ បន្ទាប់ពីប្រាំបីឆ្នាំនៃកិច្ចចរចាដែលបានចាប់ផ្តើមកាលពីក្នុងឆ្នាំ២០១២៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា