បរទេស៖ យន្តហោះចម្បាំងអ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាទៅលើតំបន់ហ្គាហ្សាស្ទ្រីបរយៈពេលបីថ្ងៃជាប់ៗគ្នា ជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែតសំដៅទៅលើអ៊ីស្រាអែលដែលបណ្តាលឱ្យជនជាតិប៉ាឡេស្ទីន ២៨នាក់បានស្លាប់ និង ៩៣នាក់ផ្សេងទៀតរងរបួស។
យោងតាមក្រុមគ្រូពេទ្យ និងមន្ត្រីសន្តិសុខប៉ាឡេស្ទីនបានឱ្យដឹងថា ជម្លោះនោះបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនចំនួន ២៨នាក់ រួមទាំងជនស៊ីវិល ១៥នាក់បានស្លាប់ បន្ទាប់ពី ២នាក់ផ្សេងទៀតត្រូវបានសម្លាប់កាលពីរសៀលថ្ងៃព្រហស្បតិ៍នៅក្នុងទីប្រជុំជនតំបន់អាបាសសាន។
អ្នកដែលត្រូវបានគេសម្លាប់កាលពីពេលថ្មីៗទាំងពីរនាក់នោះ គឺជាសមាជិកនៃក្រុមមួយឈ្មោះថា Al-Mujahidin Brigades ដែលជាសមាជិកនៃបន្ទប់ប្រតិបត្តិការយោធារួមនៃបក្សពួកប៉ាឡេស្ទីន។
ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅហ្គាហ្សាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលរហូតមកដល់ពេលនេះ បានបណ្តាលឱ្យមនុស្សចំនួន ៩៣នាក់រងរបួស។
ការបាញ់គ្នារវាងអ៊ីស្រាអែល និងបន្ទប់ប្រតិបត្តិការយោធារួម ដែលរួមមានក្រុមប្រដាប់អាវុធរបស់បក្សពួកប៉ាឡេស្ទីនជាច្រើន រួមទាំងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន (PIJ) និងចលនាតស៊ូអ៊ីស្លាម (ហាម៉ាស) នោះ បានកើតឡើងបន្ទាប់ពីមានការវាយប្រហារតាមអាកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់មេដឹកនាំជាន់ខ្ពស់ PIJ ចំនួន ៣នាក់។
យោងតាមប្រភពពីប៉ាឡេស្ទីនបានឱ្យដឹងថា ប្រទេសអេហ្ស៊ីប កាតា និងអង្គការសហប្រជាជាតិ កំពុងសម្រុះសម្រួលបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធដែលដឹកនាំដោយក្រុមហាម៉ាស ដែលរួមមានទាំងក្រុម PIJ ផងដែរ ប៉ុន្តែបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីការបញ្ចប់ភាពតានតឹងនេះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា