បរទេស៖ ពលរដ្ឋជប៉ុនរាប់រយនាក់បានដើរតាមដងផ្លូវក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ប្រទេសជប៉ុនកាលពីចុងសប្តាហ៍មុន ដើម្បីតវ៉ាប្រឆាំងនឹងកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នាពេលខាងមុខនេះ។
ការតវ៉ានេះបានធ្វើឡើងនៅតាមដងផ្លូវកាលពីថ្ងៃអាទិត្យ ដោយចាប់ផ្តើមពីសួនឧទ្យាននៃអនុស្សាវរីយ៍សន្តិភាពហ៊ីរ៉ូស៊ីម៉ា ដែលជាកន្លែងគ្រាប់បែកបរមាណូត្រូវបានទម្លាក់ដោយសហរដ្ឋអាមេរិកនៅចុងបញ្ចប់សង្គ្រាមលោកលើកទីពីរ។
ពលរដ្ឋប្រមាណ ២០០នាក់ដែលកាន់បដា «No G7» និង «No War» បានប្រមូលផ្តុំគ្នានៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដើម្បីតវ៉ាប្រឆាំងនឹងកិច្ចប្រជុំកំពូលក្រុមប្រទេស G7 កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈដែលនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានទៅទស្សនកិច្ចទីក្រុងនេះដើម្បីត្រួតពិនិត្យទីកន្លែងដែលទាក់ទងនឹងកិច្ចប្រជុំកំពូលនោះ។
លោក ស៊ីហ្គេអូ គីម៉ូតុ (Shigeo Kimoto) នាយកនៃក្រុមពលរដ្ឋជប៉ុន Peace Depot បានចង្អុលបង្ហាញនៅក្នុងសុន្ទរកថារបស់លោកថា សមយុទ្ធយោធារួមគ្នាក្នុងចំណោមសមាជិក G7 នៅក្នុងតំបន់ប៉ាស៊ីហ្វិក និងសេចក្តីថ្លែងការណ៍របស់ប្រទេសជប៉ុនថា “ការប្រឈមមុខដាក់គ្នារបស់តៃវ៉ាន់គឺជាឧបទ្វីបសម្រាប់ប្រទេសជប៉ុន” គឺ “មិនសមហេតុផល និងគ្រោះថ្នាក់” ។
ប្រវត្តិវិទូ លោក តូស៊ីយូគី តាណាកា (Toshiyuki Tanaka) បាននិយាយនៅក្នុងការប្រមូលផ្តុំកាលពីថ្ងៃសៅរ៍នោះថា ប្រទេសជប៉ុនដែលធ្លាប់ជាអ្នកឈ្លានពានដ៏ឃោរឃៅក្នុងបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដូចជាប្រទេសចិន និងឧបទ្វីបកូរ៉េ មានចេតនាលាក់បាំងប្រវត្តិសាស្រ្តដ៏អាក្រក់របស់ខ្លួនក្នុងនាមជាជនល្មើសដោយបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ប្រទេសជប៉ុន គឺជាប្រទេសតែមួយគត់ដែលបានទទួលរងការទម្លាក់គ្រាប់បែកបរមាណូ។
លោក តាណាកា ដែលជាសាស្ត្រាចារ្យកិត្តិយសនៅសកលវិទ្យាល័យទីក្រុងហ៊ីរ៉ូស៊ីម៉ាបាននិយាយថា ឥឡូវនេះប្រទេសជប៉ុនកំពុងធ្វើនយោបាយដោយប្រើប្រាស់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលជាទីតាំងនៃការទម្លាក់គ្រាប់បែកបរមាណូដើម្បីរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេស G7 ។
យោងតាមការប្រកាសរបស់ក្រុមអ្នកតវ៉ានេះបានឱ្យដឹងថា កិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ជាការស្វែងរកការជំរុញសម្ព័ន្ធភាពយោធាក្រោមឈ្មោះសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ហើយខ្លឹមសារនៃកិច្ចប្រជុំកំពូលនោះ គឺជាកិច្ចប្រជុំដែលប្លុកជាប្រទេសអ្នកមានបង្ខំឱ្យប្រទេសដទៃទៀតអនុវត្តតាមច្បាប់របស់ខ្លួន។
ក្រុមប្រទេស G7 រួមមានសហរដ្ឋអាមេរិក អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ កាណាដា និងជប៉ុន។ កិច្ចប្រជុំកំពូលមេដឹកនាំនៃក្រុមប្រទេស G7 នៅក្នុងឆ្នាំនេះនឹងធ្វើជាប្រធានដោយប្រទេសជប៉ុននៅទីក្រុងហ៊ីរ៉ូស៊ីម៉ាចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភានេះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា