បរទេស៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បាននិយាយថា ការធ្វើជំរឿនរៀងរាល់ប្រាំឆ្នាំម្តង គឺចាំបាច់ណាស់ដើម្បីបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពជំនួសឱ្យជំរឿនកាលពីដប់ឆ្នាំមុន។
ថ្លែងទៅកាន់សន្និសីទជំរឿនកសិកម្មឆ្នាំ២០២៣ នៅទីក្រុងហ្សាការតាកាលពីថ្ងៃទី១៥ ខែឧសភា លោក វីដូដូ បាននិយាយថា ការចំណាយទៅលើការធ្វើជំរឿនកសិកម្មមានចំនួនប្រហែល ៣.០០០ប៊ីលានរូពី (ប្រហែល ២០០លានដុល្លារអាម៉េរិក)។ ការចំណាយនេះត្រូវបានចាត់ទុកថាអាចទទួលយកបាន ដើម្បីបង្កើតវិស័យកសិកម្មទំនើប និងទាន់សម័យនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ដូច្នេះ ការកាត់បន្ថយរយៈពេលនៃជំរឿនកសិកម្ម គឺជារឿងសមហេតុផល។
ជំរឿនប្រជាជនចុងក្រោយត្រូវបានធ្វើឡើងកាលពីមួយទសវត្សរ៍មុន។ គម្លាតដែលបានពង្រីកនេះ គឺវែងពេកហើយ ដោយពិចារណាទៅលើលក្ខខណ្ឌផ្លាស់ប្តូរប្រចាំឆ្នាំ ខណៈដែលការធ្វើសេចក្តីសម្រេចរបស់រដ្ឋាភិបាលនៅតែពឹងផ្អែកទៅលើទិន្នន័យកាលពីដប់ឆ្នាំមុន។
លោកក៏បានអំពាវនាវផងដែរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យកសិកម្មដើម្បីធានាឱ្យបាននូវជោគជ័យនៃជំរឿនដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកក្កដាខាងមុខនេះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា