បរទេស៖ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃទី១៥ ខែឧសភាថា ប្រទេសកូរ៉េខាងត្បូង និងឥណ្ឌូណេស៊ីគ្រោងនឹងពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីទៅលើការផលិតថាមពលនុយក្លេអ៊ែរ ខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ និងវិស័យឧស្សាហកម្មជឿនលឿនដទៃទៀត។
លោក ចាង យ៉ាំងជីន (Jang Young-jin) អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង កំពុងបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃនៅទីក្រុងហ្សាការតាចាប់ពីថ្ងៃទី១៤ ខែឧសភា ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ី រួមទាំងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អ៊ែរឡាងហ្កា ហាតាតូ (Airlangga Hartarto) និងរដ្ឋមន្ត្រីក្រសួងថាមពល លោក អារីហ្វ៊ីន តាស់រីហ្វ (Arifin Tasrif) ទៅលើបញ្ហាឧស្សាហកម្មដែលមានផលប្រយោជន៍ទៅវិញទៅមក។
យោងតាមក្រសួងនោះបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូងនឹងស្នើឱ្យមានការពង្រឹងទំនាក់ទំនងនៅក្នុងវិស័យឧស្សាហកម្មថាមពលនុយក្លេអ៊ែរ ខណៈដែលប្រទេសឥណ្ឌូណេស៊ីបានប្រកាសផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរពាណិជ្ជកម្មដំបូងបង្អស់របស់ខ្លួននៅត្រឹមឆ្នាំ២០៣៩។
លោក ចាង ក៏មានគម្រោងពិភាក្សាអំពីគម្រោងស្រាវជ្រាវរួមគ្នាជាមួយមន្ត្រីឥណ្ឌូណេស៊ីផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើខ្សែសង្វាក់ផ្គត់ផ្គង់នៃសារធាតុរ៉ែសំខាន់ៗ ក៏ដូចជាវិធីដើម្បីធ្វើការងារឱ្យកាន់តែជិតស្និទ្ធទៅលើការផលិតអាគុយ និងយានយន្តអគ្គិសនី (EVs)។
ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសផលិតរ៉ែនីកែលលេខ១ របស់ពិភពលោក ខណៈដែលប្រទេសកូរ៉េខាងត្បូងធានាបាននូវបច្ចេកវិទ្យាទំនើបនៅក្នុងផ្នែកអាគុយ និង EV៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា