បរទេស៖ ពិធីមួយត្រូវបានធ្វើឡើងនៅស្រុកសាំនឿក្នុងខេត្តហួផាញ់របស់ប្រទេសឡាវកាលពីថ្ងៃទី១៥ ខែឧសភា ដើម្បីប្រគល់ និងដាក់ឱ្យដំណើរការអាកាសយានដ្ឋានណងខាង (Nong Khang) ដែលជាតួនាទីយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃភាគឦសានរបស់ប្រទេសឡាវ ជាពិសេសខេត្តហួផាញ់។
អាកាសយានដ្ឋានណងខាង គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលឡាវ ក្នុងគោលបំណងផ្លាស់ប្តូរប្រទេសឡាវពីប្រទេសដែលរុំព័ទ្ធដោយដីគោកទៅជាប្រទេសដែលមានការភ្ជាប់ទំនាក់ទំនងនៅក្នុងតំបន់។ គម្រោង Build-Transfer (BT) មានទុនវិនិយោគសរុបចំនួន ៨២លានដុល្លារអាម៉េរិក ដែលផ្តល់ហិរញ្ញប្បទានតាមរយៈកម្ចីពីក្រុមហ៊ុនកសិកម្ម Hoang Anh Gia Lai JSC របស់ប្រទេសវៀតណាម។ អាកាសយានដ្ឋាននេះត្រូវបានសាងសង់ឡើងតាមស្ដង់ដារ 3C របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ដែលអាចបម្រើអ្នកដំណើរបាន ១០០.០០០នាក់ក្នុងមួយឆ្នាំ និងអាចផ្ទុកយន្តហោះដែលមានកៅអីពី ៧០-១០០កៅអី។
ថ្លែងមតិក្នុងពិធីនោះ លេខាធិការគណៈកម្មាធិការបក្ស និងជាអភិបាលខេត្តហួផាញ់ លោក វ៉ាន់សាយ ផេងស៊ូមម៉ា (Vanxay Phengsoumma) បាននិយាយថា ការសម្ពោធអាកាសយានដ្ឋានណងខាង មិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងឡាវ-វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពេញនូវការរំពឹងទុកដែលបានទន្ទឹងរង់ចាំជាយូរមកហើយរបស់ប្រជាជនមូលដ្ឋាន និងផ្តល់ឱកាសឱ្យខេត្តនេះមានការរីកចម្រើនទៅលើគ្រប់វិស័យផងដែរ។
យោងតាមនាយកដ្ឋានអាកាសចរណ៍ស៊ីវិលឡាវបានឱ្យដឹងថា អាកាសយានដ្ឋានណងខាងនឹងសម្របសម្រួលការតភ្ជាប់រហ័សរវាងភាគឦសាននៃប្រទេសឡាវ និងរដ្ឋធានីវៀងច័ន្ទន៍ ក៏ដូចជាទីក្រុង និងខេត្តផ្សេងៗទៀតដែរ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា