ខ្មាន់កាំភ្លើងទើបតែអាយុ ១៨ឆ្នាំ បានបាញ់ប្រហារសម្លាប់មនុស្ស ៣នាក់ និងរបួស ៦នាក់

0

បរទេស៖ នគរបាលបាននិយាយថា កាលពីថ្ងៃចន្ទ ខ្មាន់កាំភ្លើងអាយុ ១៨ឆ្នាំម្នាក់បានបាញ់សម្លាប់មនុស្សបីនាក់ និងបង្ករបួសដល់មនុស្ស ០៦នាក់ផ្សេងទៀត រួមទាំងមន្រ្តីនគរបាលពីរនាក់ផងដែរ ដែលហេតុការណ៍នោះកើតឡើងនៅភាគពាយព្យនៃរដ្ឋ New Mexico មុនពេលត្រូវនគរបាលបាញ់សម្លាប់ភ្លាមៗនៅខាងក្រៅព្រះវិហារគ្រិស្តសាសនាមួយ។

ការបាញ់ប្រហារនាពេលជិតថ្ងៃត្រង់បានកើតឡើងនៅក្នុងតំបន់លំនៅដ្ឋានមួយនៅទីក្រុង Farmington ក្នុងរដ្ឋ New Mexico ដែលមានចម្ងាយប្រហែល ២៩០គីឡូម៉ែត្រពីភាគពាយព្យនៃទីក្រុង Albuquerque ។

ក្រោយពីកើតហេតុបានប៉ុន្មានម៉ោង នៅក្នុងសន្និសីទសារព័ត៌មាន លោក Baric Crum អនុប្រធានផ្នែកប្រតិបត្តិការនៃនាយកដ្ឋាននគរបាលក្រុង Farmington បាននិយាយថា នគរបាលបាន “ទៅដល់កន្លែងកើតហេតុដ៏វឹកវរ ដែលជនសង្ស័យជាបុរសបានបាញ់ប្រហារយ៉ាងសកម្មទៅលើបុគ្គលនៅក្នុងតំបន់នោះ” ។

យោងតាមអ្នកនាំពាក្យនគរបាលក្រុង Farmington លោក Shanice Gonzales បានឲ្យដឹងថា ជនស៊ីវិលបី នាក់ត្រូវបានសម្លាប់ និងមនុស្ស ០៦នាក់ផ្សេងទៀតបានរងរបួស រួមទាំងមន្រ្តីពីរនាក់ផងដែរនៅក្នុងការបាញ់ប្រហារជាមួយជនសង្ស័យ មុនពេលនគរបាលបាញ់សម្លាប់ជនសង្ស័យនោះ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ