ថ្នាក់ដឹកនាំកំពូលរបស់ជប៉ុន អាមេរិក និងកូរ៉េខាងត្បូង នឹងជួបប្រជុំគ្នានៅក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេស G7

0

បរទេស៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតី យូន ស៊ុកយុល (Yoon Suk Yeol) នឹងចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ានៃប្រទេសជប៉ុននៅក្នុងសប្តាហ៍នេះ ហើយនឹងជួបប្រជុំត្រីភាគីជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) នៅខាងក្រៅកិច្ចប្រជុំកំពូលនោះ។

លោក យូន នឹងចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G7 រយៈពេលបីថ្ងៃដែលចាប់ផ្តើមពីថ្ងៃសុក្រសប្តាហ៍នេះក្នុងនាមជាមេដឹកនាំនៃប្រទេសដែលត្រូវបានអញ្ជើញ ព្រោះប្រទេសកូរ៉េខាងត្បូងមិនមែនជាសមាជិកនៃក្រុមប្រទេស G7 នោះទេ។

លោកនឹងថ្លែងសុន្ទរកថាបើកសម័យប្រជុំនៃកិច្ចប្រជុំកំពូលក្រុមប្រទេស G7 ដែលនឹងចូលរួមជាមួយសមាជិកផ្សេងទៀតរបស់ក្រុមប្រទេស G7 និងប្រទេសជាភ្ញៀវចំនួនប្រាំបី ដើម្បីនិយាយអំពីបញ្ហាស្បៀងអាហារ និងថាមពល។

ប្រទេស​ដែលត្រូវ​បាន​អញ្ជើញ​ចំនួន​ប្រាំពីរ​ផ្សេង​ទៀត ​គឺរួមមានប្រទេស​អូស្ត្រាលី ប្រេស៊ីល កូម៉ូរ៉ូ កោះឃុក ឥណ្ឌា ឥណ្ឌូណេស៊ី និង​វៀតណាម។

ទីប្រឹក្សាសន្តិសុខជាតិរងកូរ៉េខាងត្បូង លោក គីម តេយ៉ូ (Kim Tae-hyo) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ការជ្រើសរើសរបស់យើងជាប្រទេសដែលត្រូវបានអញ្ជើញដោយក្រុមប្រទេស G7 នៅក្នុងឆ្នាំនេះ ជាការបញ្ជាក់ពីឋានៈរបស់យើងជាដៃគូសកល។ និន្នាការដែលយើងកំពុងមើលឃើញ គឺការពង្រឹងទំនាក់ទំនងជាមួយប្រទេសជាមិត្តសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក និងជប៉ុន និងការពង្រីកទំនាក់ទំនងការទូតទ្វេភាគីដែលយើងបានកសាងទំនុកចិត្តដល់ការទូតពហុភាគី»។

លោក យូន នឹងក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងទីបួនដែលបានចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G7 ដោយនឹងអមដំណើរដោយលោកជំទាវទី១ លោកស្រី គីម គន់ហ៊ី (Kim Keon Hee)។

កិច្ចប្រជុំរវាងលោក យូន-បៃដិន-គីស៊ីដា នឹងធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោក យូន ជាមួយលោក បៃដិន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីខែមុន និងកិច្ចប្រជុំកំពូលជាមួយលោក គីស៊ីដា ក្នុងទីក្រុងសេអ៊ូលកាលពីសប្តាហ៍មុន។

យោងតាមលោក គីម បានឱ្យដឹងថា បណ្តាមេដឹកនាំទាំងបីត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីវិធានការនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រួមទាំងការឆ្លើយតបរបស់ពួកគេចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង វិបត្តិថាមពល និងបញ្ហាប្រឈមទូទៅផ្សេងៗទៀត៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា