ប្រជាជន​ថៃ​​ បោះឆ្នោត​ជ្រើសរើស​សមាជិក​សភាតំណាងរាស្រ្ត​ថ្មី

0

បរទេស៖ កាលពីថ្ងៃទី១៤ ខែឧសភា ប្រជាជនថៃដែលមានសិទ្ធិបោះឆ្នោតរាប់លាននាក់ក្នុងប្រទេសថៃបានទៅបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្រ្តថ្មីដែលមានចំនួន ៥០០អាសនៈសម្រាប់រយៈពេល ៤ឆ្នាំខាងមុខ។

ប្រជាជនថៃជាង ៥២លាននាក់មានសិទ្ធិចូលរួមក្នុងការបោះឆ្នោតនេះ។

អគ្គលេខាធិការរងនៃគណៈកម្មការរៀបចំការបោះឆ្នោត (EC) លោក ស៊ូរ៉ានី ប៉ុនតាវី (Suranee Pontawee) បាននិយាយថា ការិយាល័យគ្រោងនឹងប្រកាសលទ្ធផលបឋមនៅម៉ោងប្រហែល ១០យប់ថ្ងៃម្សិលមិញ។

ការបោះឆ្នោតនៅក្នុងឆ្នាំនេះកើតឡើងនៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសថៃនៅតែជាប់គាំងនៅក្នុង «អន្ទាក់ប្រាក់ចំណូលមធ្យម» ជាមួយនឹងកំណើនសេដ្ឋកិច្ចដែលមិនអាចឈានដល់ ៥% ចាប់តាំងពីឆ្នាំ២០១២ មក រួមជាមួយនឹងបញ្ហាផ្សេងៗទៀត ដូចជាការកើនឡើងនៃចំនួនប្រជាជនវ័យចំណាស់ ការសន្សំប្រាក់ និងការវិនិយោគទាប និងបំណុលគ្រួសារខ្ពស់។

ដូច្នេះ ការបោះឆ្នោតនឹងមិនត្រឹមតែជាការជ្រើសរើសសមាជិកសភាតំណាងរាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាការស្វែងរកអ្នកដឹកនាំថ្មីដែលអាចដឹកនាំប្រទេសឆ្លងកាត់ការលំបាកនាពេលបច្ចុប្បន្នដើម្បីមានការអភិវឌ្ឍកាន់តែខ្លាំង៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា