បណ្តាញភូមិអាស៊ានជួយដល់ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងតំបន់

0

បរទេស៖ បណ្តាញភូមិអាស៊ាន (AVN) នឹងផ្តោតសំខាន់ទៅលើផ្នែកនៃកិច្ចសហប្រតិបត្តិការចំនួនបីក្នុងការអនុវត្តរបស់ខ្លួន គឺភូមិទេសចរណ៍ ភូមិឌីជីថល និងភូមិមួយផលិតផលមួយ (OVOP) ដើម្បីលើកកម្ពស់ការតភ្ជាប់ និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់។

លោក អាប់ឌុល ហាលីម អ៊ីស្កាន់ដារ (Abdul Halim Iskandar) រដ្ឋមន្រ្តីរបស់ឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ានបច្ចុប្បន្នបាននិយាយកាលពីថ្ងៃទី១២ ខែឧសភាថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ បានព្រមព្រៀងបង្កើត AVN ដោយការបើកចំហរ ឯករាជ្យ និងបណ្តាញចាប់តាំងពីថ្នាក់ក្រោមភូមិ ក្រុមភូមិ និងសមាគមភូមិនៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន។

យោងតាមលោក អ៊ីស្កាន់ដារ បានឱ្យដឹងថា ភូមិមួយចំនួនរបស់ឥណ្ឌូណេស៊ីនឹងក្លាយជាតំបន់គោលដៅនៃគម្រោងសាកល្បងសម្រាប់តំបន់នៃកិច្ចសហប្រតិបត្តិការ។

លោក​បាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា បណ្តាភូមិរបស់ឥណ្ឌូណេស៊ីដែលបានក្លាយជាតំបន់នៃគម្រោងសាកល្បងសម្រាប់ភូមិទេសចរណ៍ រួមមានភូមិម៉ាងហ្គូណាន់ក្នុងទីក្រុងបាន់ទុលនៃតំបន់យ៉ូគីយ៉ាកាតា ភូមិគេមបាំងគុននីងក្នុងទីក្រុងឡុមបុកខាងកើតនៃខេត្តនូសាតេងហ្ការ៉ាខាងលិច និង​ភូមិសេកាពុកក្នុង​ទីក្រុងហ្រ្កេស៊ីកនៃខេត្តកោះចាវ៉ាខាងកើត។

ទន្ទឹមនឹងនេះដែរ ភូមិស៊ីប៊ីរូវេតាន់ក្នុងទីក្រុងបាន់ឌុងនៃខេត្តចាវ៉ាខាងលិច ភូមិឌូដាទីមួរក្នុងខេត្តការ៉ាងកាសេមក្នុងខេត្តកោះបាលី និងភូមិគូប៊ូនៅទីក្រុងគូប៊ូនៃខេត្តកាលីម៉ាន់តាន់ខាងលិចនឹងក្លាយជាតំបន់គោលដៅសម្រាប់គម្រោងសាកល្បងភូមិឌីជីថល។

ភូមិមូរ៉ាបាដាកអ៊ូលូក្នុងទីក្រុងគូតៃការតានេហ្ការ៉ានៃខេត្តកាលីម៉ាន់តាន់ខាងកើត ភូមិណាម៉ាងនៅទីក្រុងបាងកាកណ្តាលនៃកោះបាងកាប៊ែលលីទុង និងភូមិប្ល៊ែនឌុងក្នុងទីក្រុងប៉េម៉ាឡាងនៃខេត្តចាវ៉ាកណ្តាល នឹងត្រូវដំណើរការសម្រាប់គម្រោងសាកល្បងភូមិមួយផលិតផលមួយ។

កិច្ចប្រជុំប្រចាំឆ្នាំលើកដំបូងសម្រាប់បណ្តាញភូមិអាស៊ាន គ្រោងនឹងធ្វើឡើងនៅក្នុងខែកក្កដា ឆ្នាំ២០២៣ នៅក្នុងប្រទេសឥណ្ឌូណេស៊ី៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា