បរទេស៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូរបស់ប្រទេសឥណ្ឌូណេស៊ី បានសម្រេចបង្កើតបណ្តាញគំនិតផ្តួចផ្តើមសុខភាពអាស៊ានតែមួយក្រោមការសម្របសម្រួលរបស់លេខាធិការដ្ឋានអាស៊ាន។
សេចក្តីប្រកាសរបស់មេដឹកនាំអាស៊ានស្តីពីគំនិតផ្តួចផ្តើមសុខភាពតែមួយ បានកំណត់ការគំរាមកំហែងសុខភាពជាអាទិភាពចំពោះមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាន រួមទាំងមេរោគដែលបង្ករឱ្យមានការឆ្លងរាតត្បាត និងសក្តានុពលនៃជំងឺរាតត្បាត ដើម្បីណែនាំសម្រាប់ការវិនិយោគ ការស្រាវជ្រាវ និងការអភិវឌ្ឍដើម្បីការបង្ការ ការត្រៀមលក្ខណៈ និងការឆ្លើយតប (PPR) និងការអនុវត្តសកម្មភាព។
ថ្នាក់ដឹកនាំទាំងអស់បានប្តេជ្ញាបង្កើតផែនការសកម្មភាពរួមស្តីពីគំនិតផ្តួចផ្តើមសុខភាពអាស៊ានតែមួយ ដើម្បីបង្កើនសមត្ថភាពថ្នាក់តំបន់ និងថ្នាក់ជាតិ អំពាវនាវឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរវិស័យ ទ្វេភាគី និងពហុភាគីទាក់ទងនឹងសុខភាពមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាន ព្រមទាំងសុវត្ថិភាពចំណីអាហារ ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន។
ពួកគេបានព្រមព្រៀងគ្នាបន្តការបង្កើតគំនិតផ្តួចផ្តើមទ្វេភាគី និងពហុភាគី ក៏ដូចជាធ្វើការងារជាមួយអន្តរជាតិ និងដៃគូអភិវឌ្ឍ ដើម្បីអនុវត្តវិធីសាស្រ្តសុខភាពនៅថ្នាក់ជាតិ និងតំបន់ រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវហិរញ្ញវត្ថុប្រកបដោយចីរភាព និងនវានុវត្តន៍។
បណ្តាថ្នាក់ដឹកនាំក៏បានលើកទឹកចិត្តដល់រដ្ឋជាសមាជិកឱ្យពង្រឹងរាល់គំនិតផ្តួចផ្តើមសុខភាពតែមួយ និងបញ្ជ្រាបវិធីសាស្រ្តនេះនៅក្នុងស្ថាប័នពាក់ព័ន្ធនានា ដើម្បីពង្រឹងសមត្ថភាពថ្នាក់ជាតិ និងតំបន់ ក្នុងការបង្ការ ការការពារ និងការឆ្លើយតបទៅនឹងការគំរាមកំហែងនាពេលខាងមុខដោយធានាឱ្យមានតុល្យភាព និងការបង្កើនប្រសិទ្ធភាពរបស់មនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា