បរទេស៖ ថវិកាយ៉ាងហោចណាស់ ១២០ប៊ីលានបាត (៣,៥៥ប៊ីលានដុល្លារអាម៉េរិក) នឹងត្រូវចំណាយទៅលើសកម្មភាពទាក់ទងនឹងការបោះឆ្នោតនៅក្នុងប្រទេសថៃ ដែលកើនឡើងទ្វេដងនៃចំនួនដែលបានប៉ាន់ស្មានពីមុន។ នេះបើយោងតាមមជ្ឈមណ្ឌលព្យាករធុរកិច្ច និងសេដ្ឋកិច្ចនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ។
មជ្ឈមណ្ឌលនោះបាននិយាយថា ការព្យាកររបស់ខ្លួនសម្រាប់ការចំណាយរបស់គណបក្សនយោបាយទាំងអស់ទៅលើសកម្មភាពទាក់ទងនឹងការបោះឆ្នោត គឺស្របតាមព័ត៌មានរបស់ធនាគារកណ្តាលថៃ (BOT) ដែលបានបង្ហាញថា ចរាចរសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ចថៃក្នុងអំឡុងពេលបីខែដំបូងនៃឆ្នាំ២០២៣ បានកើនឡើងពីចំនួន ២៣៤ប៊ីលានបាតដល់ ៦,៩៨ទ្រីលានបាត ដែលមានចំនួន ៣,៤៧% ខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការកើនឡើងនៃការចំណាយ ត្រូវបានរំពឹងថានឹងជួយជំរុញកំណើនសេដ្ឋកិច្ចពី ០,៥% ទៅ ០,៧%។
យោងតាមធនាគារ BoT បានឱ្យដឹងថា ចំនួននៃការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកក្នុងខែមករាឆ្នាំនេះ ជាពិសេសតាមរយៈវេទិកាធនាគារចល័តបានកើនឡើងដល់កម្រិតជាង ២,១៨ប៊ីលានដង ដែលកើនឡើង ៣៩,៦% ខណៈដែលតម្លៃនៃការផ្ទេរប្រាក់បានកើនឡើងដល់ប្រហែល ៨,៨៦ប៊ីលានបាតក្នុងមួយខែ ដោយកើនឡើង ៦,៧% បើធៀបទៅនឹងឆ្នាំមុន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា