ចិន និងអាល្លឺម៉ង់រួមគ្នាប្រឆាំងសង្គ្រាមត្រជាក់ថ្មី និងការបំបែកសេដ្ឋកិច្ច ឬបំបែកខ្សែសង្វាក់ការផ្គត់ផ្គង់

0

បរទេស៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក គីន ហ្គាង (Qin Gang) បានអំពាវនាវឱ្យប្រទេសចិន និងអាល្លឺម៉ង់ប្រកាន់ខ្ជាប់នូវមាគ៌ាត្រឹមត្រូវរួមគ្នាប្រឆាំងនឹង «សង្រ្គាមត្រជាក់ថ្មី» និង «ការបំបែកសេដ្ឋកិច្ច ឬបំបែកខ្សែសង្វាក់ការផ្គត់ផ្គង់» ហើយពង្រឹងនូវទំនុកចិត្ត និងកម្លាំងរុញច្រានសម្រាប់សន្តិភាព និងវិបុលភាពពិភពលោក។

លោក គីន បានធ្វើការកត់សម្គាល់ខាងលើនេះក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អានណាឡេណា ​ប័របក់ (Annalena Baerbock) ក្នុងទីក្រុងប័រលីន។

លោក គីន បាននិយាយថា ប្រទេសចិន និងអាល្លឺម៉ង់ គឺជាប្រទេសមួយក្នុងចំណោមប្រទេសធំៗដែលមានឥទ្ធិពលលើសកលលោក ដោយលោកបានកត់សម្គាល់ថា ប្រទេសទាំងពីរគួរតែពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្រោមស្ថានភាពអន្តរជាតិបច្ចុប្បន្នដែលបង្ហាញពីភាពចលាចលអន្តរកម្ម។

លោកបានបន្ថែមថា ភាគីទាំងពីរគួរតែរួមដៃគ្នារៀបចំឱ្យបានល្អសម្រាប់ជុំទីប្រាំពីរនៃកិច្ចពិគ្រោះយោបល់អន្តររដ្ឋាភិបាលចិន-អាល្លឺម៉ង់ ដោយប្រមូលផ្តុំនូវសមិទ្ធិផល និងបង្កើតផែនការគ្រប់ជ្រុងជ្រោយសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗនាពេលអនាគត។

លោក គីន បាននិយាយថា ជាមួយនឹងបញ្ហាប្រឈមនានាជាសាកលនាពេលនេះ ប្រទេសនានាគួរតែសហការគ្នាជាជាងប្រឈមមុខដាក់គ្នា ហើយគួរតែគោរពគ្នាទៅវិញទៅមកជាជាងការស្តីបន្ទោស។

លោកស្រី ប័របក់ បាននិយាយថា ប្រទេសអាល្លឺម៉ង់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរកម្រិតកំពូលទ្វេភាគី ក៏ដូចជាការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ហើយទន្ទឹងរង់ចាំការប្រារព្ធកិច្ចប្រជុំជុំទីប្រាំពីរនៃកិច្ចពិគ្រោះយោបល់អន្តររដ្ឋាភិបាលអាល្លឺម៉ង់-ចិន ដែលនឹងក្លាយជាកិច្ចពិគ្រោះយោបល់ក្រៅបណ្តាញជាលើកដំបូងក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ រវាងរដ្ឋាភិបាលថ្មីនៃប្រទេសទាំងពីរ។

លោកស្រីបាននិយាយថា ប្រទេសអាល្លឺម៉ង់ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការងារជាមួយប្រទេសចិនសម្រាប់លទ្ធផលវិជ្ជមាននៃកិច្ចពិគ្រោះយោបល់នេះ ដោយផ្តោតសំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែង និងសកម្មភាពរួមគ្នាប្រកបដោយចីរភាព ជាពិសេសក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល ជីវៈចម្រុះ និងការផ្លាស់ប្តូររវាងយុវជន និងយុវជន។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាជុំវិញបញ្ហាអ៊ុយក្រែន។ លោក គីន បានរៀបរាប់លម្អិតអំពីគោលជំហររបស់ប្រទេសចិន ដោយលោកបានសង្កត់ធ្ងន់ថា គោលជំហរជាប់លាប់របស់ចិន គឺជួយសម្រួលដល់កិច្ចចរចារដើម្បីសន្តិភាព និងជំរុញសហគមន៍អន្តរជាតិដើម្បីបង្កើតជាក្រុមរួមដ៏ធំបំផុតសម្រាប់ដំណោះស្រាយនយោបាយចំពោះវិបត្តិនេះ។ បណ្តាប្រទេសនភអឺរ៉ុបត្រូវបានជំរុញឱ្យដោះស្រាយទាំងបញ្ហា និងមូលហេតុឫសគល់នៃវិបត្តិ ហើយខិតខំប្រឹងប្រែងសម្រាប់ការស្ដារឡើងវិញនូវសន្តិភាព និងសន្តិសុខ។

លោក គីន កំពុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ បារាំង និងន័រវេស ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែឧសភា តាមការអញ្ជើញរបស់សមភាគីអាល្លឺម៉ង់ បារាំង និងន័រវេស៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា