សេចក្តីប្រកាសអាស៊ានស្តីពីកិច្ចការពារពលករចំណាកស្រុក និងសមាជិកគ្រួសារក្នុងស្ថានភាពវិបត្តិត្រូវបានអនុម័ត

0

បរទេស៖ បណ្តាមេដឹកនាំអាស៊ាន កាលពីថ្ងៃទី១០ ខែឧសភា បានអនុម័តសេចក្តីប្រកាសអាស៊ាន ស្តីពីកិច្ចការពារពលករចំណាកស្រុក និងសមាជិកគ្រួសារក្នុងស្ថានភាពវិបត្តិក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។

បណ្តាមេដឹកនាំទាំងអស់បានព្រមព្រៀងគ្នាកែសម្រួលគោលនយោបាយដើម្បីរួមបញ្ចូលនូវជំនួយដល់ពលករចំណាកស្រុកនៅទូទាំងតំបន់ការងារនៅគ្រប់ដំណាក់កាលទាំងអស់នៃការត្រៀមរៀបចំវិបត្តិ ការឆ្លើយតប និងការស្តារឡើងវិញសម្រាប់តម្រូវការជាក់លាក់របស់ពលករចំណាកស្រុក ជាពិសេសស្ត្រី និងក្រុមគ្រួសាររបស់ពួកគេដែលកំពុងរស់នៅជាមួយពួកគេក្នុងស្ថានភាពដែលមានវិបត្តិ។

បណ្តាប្រទេសនៅអាស៊ាននឹងបញ្ជ្រាបកិច្ចការពារ និងការលើកកម្ពស់សិទ្ធិរបស់ពលករចំណាកស្រុកដែលជាប់ក្នុងស្ថានភាពវិបត្តិ និងសមាជិកគ្រួសាររបស់ពួកគេដែលបានបន្សល់ទុកនៅក្នុងគោលនយោបាយ កម្មវិធី និងយន្តការនៃរដ្ឋបញ្ជូន ជួយសម្រួលដល់ការដំណើរការរបស់ពលករចំណាកស្រុកដើម្បីទទួលបានព័ត៌មាន និងសេវាជំនួយទាន់ពេលវេលា និងពាក់ព័ន្ធក្នុងគ្រាមានវិបត្តិ។

មេដឹកនាំអាស៊ានទាំងអស់បានប្តេជ្ញាគាំទ្រដល់ការទទួលបានយុត្តិធម៌ យន្តការសារទុក្ខ និងយន្តការបញ្ជូនបន្ត និងការគាំទ្រ ដើម្បីដោះស្រាយទម្រង់ផ្សេងៗនៃការខូចខាត និងការកេងប្រវ័ញ្ចដែលជួបប្រទះដោយពលករចំណាកស្រុកក្នុងស្ថានភាពមានវិបត្តិ។

ពលករចំណាកស្រុកទាំងអស់ដែលរងផលប៉ះពាល់ដោយវិបត្តិត្រូវបានសម្របសម្រួលឱ្យទទួលបានទាន់ពេលវេលានូវសុវត្ថិភាពប្រកបដោយចីរភាព ការថែទាំសុខភាព ការគាំទ្រផ្លូវចិត្ត កិច្ចការពារសង្គម ការគាំទ្រការចិញ្ចឹមជីវិតក្នុងគ្រាមានអាសន្ន ជំងឺ ឬរបួស និងការវិលត្រឡប់ និងសមាហរណកម្មទៅកាន់ប្រទេសដើមរបស់ពួកគេ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា