ឥណ្ឌូណេស៊ីសង្កត់ធ្ងន់ ទៅលើតួនាទីសភាក្នុងការរៀបចំរបៀបវារៈអាស៊ានឆ្នាំ២០៤៥

0

បរទេស៖ ខណៈដែលប្រទេសឥណ្ឌូណេស៊ីជាប្រធានអាស៊ានពេលបច្ចុប្បន្ននេះ កាលពីថ្ងៃទី១០ ខែឧសភា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានសង្កត់ធ្ងន់ទៅលើតួនាទីរបស់សភាក្នុងការរៀបចំរបៀបវារៈអាស៊ានឆ្នាំ២០៤៥ ក្នុងកិច្ចសន្ទនាជាមួយអ្នកតំណាងនៃសភាអន្តរសភាអាស៊ាន (AIPA)។

ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-AIPA នៅក្នុងស៊េរីនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងឡាប៊ូនបាចូនៅតំបន់ម៉ាងហ្ការ៉ៃខាងលិចនៅភាគខាងកើតខេត្តនូសាតេងហ្ការ៉ានោះ លោកប្រធានាធិបតី ចូកូ វីដូដូ បានកោតសរសើរចំពោះការគាំទ្ររបស់សមាជិកសភា AIPA ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជាមួយពេលវេលាដ៏សំខាន់នៃការរាតត្បាតជំងឺកូវីដ១៩។

លោកបាននិយាយថា គោលនយោបាយនានាក្នុងអំឡុងពេលដែលមានគ្រាអាសន្ននៃជំងឺរាតត្បាតនោះអាចត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ហើយអាស៊ានអាចឆ្លងកាត់ដំណាក់កាលដ៏សំខាន់មួយនេះ។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំកាលពីថ្ងៃទី១០ ខែឧសភា ប្រធានាធិបតីឥណ្ឌូណេស៊ីបាននិយាយថា ក្នុងរយៈពេលវែង តួនាទីរបស់សភាក៏មានភាពចាំបាច់ខ្លាំងណាស់ដែរក្នុងការបង្កើតរបៀបវារៈអាស៊ានឆ្នាំ២០៤៥។

លោកបាននិយាយថា មេដឹកនាំអាស៊ាន-AIPA គួរតែអាចធានាបានថា អាស៊ានកាន់តែមានការឆ្លើយតប និងមានភាពធន់ក្នុងការប្រឈមមុខនឹងបញ្ហាដែលមានស្រាប់ ដូច្នេះវាក្លាយជាមជ្ឈមណ្ឌលនៃកំណើន និងជាតំបន់ដែលមានសុវត្ថិភាព ស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យ។

លោកប្រធានាធិបតី ចូកូ វីដូដូ ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងសភា ដើម្បីរក្សា និងពង្រឹងស្ថិរភាពនយោបាយ និងលទ្ធិប្រជាធិបតេយ្យ ដើម្បីធានាថាអាស៊ានជាមជ្ឈមណ្ឌលនៃកំណើនពិភពលោក៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា