កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២៖ ប្រធានាធិបតីឥណ្ឌូណេស៊ីសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងក្រុមហ៊ុនធុរកិច្ច

0

បរទេស៖ ខណៈដែលប្រទេសឥណ្ឌូណេស៊ីជាប្រធានអាស៊ានឆ្នាំ២០២៣ កាលពីថ្ងៃទី១០ ខែឧសភា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានបញ្ជាក់ថា កិច្ចសហការ កិច្ចសហប្រតិបត្តិការ និងការរួមបញ្ចូលគ្នា មានសារៈសំខាន់ណាស់នៅក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាល និងសហគមន៍ធុរកិច្ច។

លោកប្រធានាធិបតី វីដូដូ បាននិយាយនៅក្នុងកិច្ចសន្ទនាមួយរវាងមេដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងអ្នកតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ABAC) ដែលជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងឡាប៊ូនបាចូរបស់ប្រទេសឥណ្ឌូណេស៊ីចាប់ពីថ្ងៃទី៩-១១ ខែឧសភាថា នាពេលខាងមុខនេះ អាស៊ាននឹងនៅតែប្រឈមមុខនឹងបញ្ហាប្រឈមខ្លាំង ខណៈដែលហានិភ័យភូមិសាស្ត្រនយោបាយនៅតែមានទំហំធំ។

ក្នុង​ស្ថានភាព​នោះ លោកបាននិយាយ​ថា បណ្តាប្រទេស​ក្នុង​តំបន់​ត្រូវ​ពង្រឹង​កិច្ច​សហការ​ដើម្បី​រក្សា​អាស៊ាន​ជា​ចំណុច​កណ្តាល​នៃ​កំណើន។ អាស៊ាន​មាន​សក្ដានុពល​យ៉ាង​សម្បើម​ដើម្បី​ក្លាយ​ជា​មជ្ឈមណ្ឌល​នៃ​កំណើន​សេដ្ឋកិច្ច។

លោកបានពន្យល់ថា សក្ដានុពលសេដ្ឋកិច្ចនៃតំបន់គឺមានទំហំធំណាស់ សេដ្ឋកិច្ចដែលលូតលាស់លើសពីមធ្យមភាគរបស់ពិភពលោក។

លោកប្រធានាធិបតីបានអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងសហគមន៍ធុរកិច្ចក្នុងតំបន់ដើម្បីបង្កើតរបៀបវារៈរួមមួយ ដើម្បីធានាថាតំបន់អាស៊ីអាគ្នេយ៍នៅតែជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចពិភពលោក។

ក្នុងការធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ ប្រទេសឥណ្ឌូណេស៊ីកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលមានកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំពាក់ព័ន្ធនានា រួមជាមួយនឹងកិច្ចសន្ទនារវាងមេដឹកនាំនៃប្រទេសអាស៊ាន និងតំណាងនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ABAC) និងក្រុមការងារជាន់ខ្ពស់ស្តីពីចក្ខុវិស័យក្រោយឆ្នាំ២០២៥ របស់សហគមន៍អាស៊ាន៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា