បរទេស៖ បណ្តាមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការវាយប្រហារកាលពីពេលថ្មីៗនេះទៅលើក្បួនរថយន្តរបស់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ដល់ការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមត្រួតពិនិត្យអាស៊ាននៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ឯកសារនេះត្រូវបានចេញផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រព្រឹត្តទៅនៅទីក្រុងឡាប៊ូនបាចូរបស់ប្រទេសឥណ្ឌូណេស៊ីពីថ្ងៃទី៩-១១ ខែឧសភា។
នៅក្នុងសេចក្តីថ្លែងការណ៍នោះបាននិយាយថា បណ្តាមេដឹកនាំទាំងអស់បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហឹង្សាដែលកំពុងបន្តកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាគ្រប់ទម្រង់ និងការប្រើប្រាស់កម្លាំង ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា និងត្រូវមានកិច្ចសន្ទនាថ្នាក់ជាតិប្រកបដោយបរិយាប័ន្ន។
ពួកគេបានគាំទ្រសេចក្តីថ្លែងការណ៍ថ្ងៃទី៨ ខែឧសភា របស់ប្រធានាធិបតីឥណ្ឌូណេស៊ីក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៣ ក្នុងការឆ្លើយតបនឹងការវាយប្រហារនោះ។ ពួកគេបានថ្កោលទោសចំពោះការវាយប្រហារនោះ ហើយបានគូសបញ្ជាក់ថា ជនល្មើសត្រូវតែទទួលខុសត្រូវ។
បណ្តាមេដឹកនាំទាំងនោះបានកត់សម្គាល់ពីការគាំទ្ររបស់ពួកគេចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន រួមទាំងការបន្តការចូលរួមរបស់ខ្លួនជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីលើកទឹកចិត្តដល់វឌ្ឍនភាពក្នុងការអនុវត្តការឯកភាព ៥ចំណុច។
ការឯកភាព ៥ចំណុចដែលត្រូវបានអនុម័តដោយបណ្តាមេដឹកនាំអាស៊ានកាលពីក្នុងខែមេសា ឆ្នាំ២០២១ ដើម្បីគាំទ្រដល់ស្ថិរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន និងការកសាងសហគមន៍ រួមមានចំណុចដែលបានព្រមព្រៀងគ្នា ដូចជាការបញ្ចប់អំពើហិង្សា រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ការផ្តល់ជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា ការតែងតាំងបេសកជនពិសេសអាស៊ានដើម្បីសម្របសម្រួលកិច្ចពិភាក្សា និងការអនុញ្ញាតឱ្យបេសកជនពិសេសអាស៊ានធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា