សេចក្តីប្រកាសរបស់មេដឹកនាំអាស៊ានស្តីពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គីសនីត្រូវបានអនុម័ត

0

បរទេស៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលកំពុងដំណើរការនៅទីក្រុងឡាប៊ូនបាចូរបស់ប្រទេសឥណ្ឌូណេស៊ី បានអនុម័តសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ានស្តីពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនី (EV) ក្នុងតំបន់ កាលពីថ្ងៃទី១០ ខែឧសភា។

សេចក្តីប្រកាសនោះបានបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃការអនុម័ត EV ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការពន្លឿនការផ្លាស់ប្តូរថាមពល ការលុបបំបាត់វិស័យដឹកជញ្ជូនតាមផ្លូវគោកក្នុងតំបន់ ការសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នកម្រិតសូន្យ និងការកែលម្អសន្តិសុខថាមពលនៅក្នុងរដ្ឋជាសមាជិកអាស៊ាននីមួយៗ និងក្នុងតំបន់។

សេចក្តីប្រកាសនោះបានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី EV ក្នុងតំបន់ដែលពាក់ព័ន្ធនឹងរដ្ឋទាំងអស់ជាសមាជិកអាស៊ានដែលគាំទ្រដល់ការអនុម័តយានយន្តអគ្គិសនី និងការកែលម្អឧស្សាហកម្ម EV នៅក្នុងរដ្ឋជាសមាជិកអាស៊ាន និងការកសាងអាស៊ានជាមជ្ឈមណ្ឌលផលិតកម្មសកលសម្រាប់ឧស្សាហកម្ម EV ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងតំបន់មួយ​នេះ។

ឯកសារនេះបានលើកទឹកចិត្តឱ្យមានការចុះសម្រុងគ្នានៃស្តង់ដារតំបន់សម្រាប់ប្រព័ន្ធអេកូឡូស៊ី EV ក៏ដូចជាការបណ្តុះបណ្តាល និងវិញ្ញាបនប័ត្រដោយផ្អែកលើស្តង់ដារអន្តរជាតិ ដើម្បីពង្រឹងខ្សែសង្វាក់តម្លៃក្នុងតំបន់សម្រាប់ឧស្សាហកម្ម EV ក្នុងការបង្កើនការសម្របសម្រួលពាណិជ្ជកម្ម។

បណ្តាមេដឹកនាំអាស៊ានបានឯកភាពគ្នាក្នុងការស្វែងរកកិច្ចសហការ និងកិច្ចសហប្រតិបត្តិការទៅលើការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី EV ដូចជាការបង្កើតបរិយាកាសធុរកិច្ច និងបរិយាកាសវិនិយោគដើម្បីទាក់ទាញការវិនិយោគ បង្កើនប្រសិទ្ធភាពផលិតកម្ម និងការប្រើប្រាស់សម្ភារៈ និងធនធានប្រកបដោយចីរភាព ដើម្បីសម្រេចបាននូវការបង្កើតគុណតម្លៃកាន់តែខ្ពស់នៃខ្សែសង្វាក់ផ្គត់ផ្គង់ EV ក្នុងតំបន់ បង្កើនការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម (MSMEs) សហការទៅលើសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់ឱកាសវិនិយោគ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការគ្រប់គ្រងផលប៉ះពាល់បរិស្ថានឱ្យបានត្រឹមត្រូវ ពង្រឹងសន្តិសុខថាមពលក្នុងតំបន់ ការលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងដោះស្រាយរបៀបវារៈហិរញ្ញប្បទានដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី EV នៅក្នុងតំបន់៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា