បរទេស៖ រដ្ឋាភិបាលម៉ាឡេស៊ីកំពុងកំណត់គោលដៅគ្មានការប្រើប្រាស់ថង់ប្លាស្ទិកនៅគ្រប់ទីកន្លែង និងគ្រប់វិស័យទាំងអស់នៃការធ្វើអាជីវកម្ម និងពាណិជ្ជកម្មទូទាំងប្រទេសត្រឹមឆ្នាំ២០២៥។
យោងតាមលោក នីក ណាហ្សមី នីក អាម៉ាដ (Nik Nazmi Nik Ahmad) រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុរបស់ប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា គោលដៅនោះនឹងត្រូវអនុវត្តជាដំណាក់កាលជាមួយនឹងទីតាំងជាក់លាក់មួយចំនួន មុនពេលផ្លាស់ប្តូរទៅជាដំណាក់កាលសម្រាប់កន្លែងធ្វើអាជីវកម្ម ដែលរួមមានទាំងហាង និងតូបតាមដងផ្លូវផងដែរ។
លោក នីក ណាហ្សមី បាននិយាយថា រដ្ឋចំនួនបួនរបស់ប្រទេសម៉ាឡេស៊ី គឺរដ្ឋសេឡាងហ្គោ រដ្ឋពូឡូពីណាង រដ្ឋចូហូរ និងរដ្ឋណេហ្រ្គីសេមប៊ីឡាន់ បាននាំមុខគេក្នុងលក្ខខណ្ឌនៃការអនុវត្តយុទ្ធនាការគ្មានថង់ប្លាស្ទិកនេះ។
លោកបាននិយាយថា យុទ្ធនាការនេះ គឺជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាការបំពុលសំណល់ប្លាស្ទិកដែលប្រើប្រាស់តែម្តងនៅក្នុងប្រទេស។
កាកសំណល់ផ្លាស្ទិក គឺជាបញ្ហាដ៏ធំមួយនៅក្នុងប្រទេសនេះ ហើយប្រទេសម៉ាឡេស៊ីស្ថិតក្នុងចំណោមប្រទេសទាំង១០ នៅលើពិភពលោកដែលប្រឈមមុខនឹងបញ្ហានៃការគ្រប់គ្រងសំណល់ប្លាស្ទិក ឬខ្វះការគ្រប់គ្រងសំខាន់ៗ។
ផ្អែកទៅលើរបាយការណ៍របស់មូលនិធិសត្វព្រៃពិភពលោក (WWF) បានឱ្យដឹងថា ការប៉ាន់ប្រមាណទៅលើការប្រើប្រាស់កញ្ចប់អាហារប្លាស្ទិកក្នុងប្រទេសម៉ាឡេស៊ីតែមួយមុខនេះប៉ុណ្ណោះមានរហូតដល់ទៅ ១៤៨.០០០តោនក្នុងឆ្នាំ២០២០៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា