ឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំស្តីពីការគ្រប់គ្រងការនេសាទខុសច្បាប់ ការនេសាទគ្មានរបាយការណ៍ និងការនេសាទដែលមិនមានការគ្រប់គ្រង

0

បរទេស៖ កិច្ចប្រជុំលើកទីបួននៃភាគីនៃកិច្ចព្រមព្រៀងវិធានការរដ្ឋកំពង់ផែនៃអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ FAO (PSMA) បានធ្វើឡើងនៅលើកោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី៨ ខែឧសភា។

ក្នុងពិធីបើកកិច្ចប្រជុំនោះ អគ្គនាយកនៃអង្គការ FAO លោក គូ ដុងយូ (Qu Dongyu) បាននិយាយថា កិច្ចព្រមព្រៀង PSMA គឺជាកិច្ចព្រមព្រៀងអន្តរជាតិទីមួយដែលចងភ្ជាប់រវាងបណ្តាប្រទេសមានកំពង់ផែ សំដៅទប់ស្កាត់ បង្ការ និងលុបបំបាត់ការនេសាទខុសច្បាប់ ការនេសាទគ្មានរបាយការណ៍ និងការនេសាទដែលមិនមានការគ្រប់គ្រង (IUU)។

កិច្ចព្រមព្រៀងនោះមានគោលបំណងជាពិសេសដើម្បីបង្ការនាវាដែលធ្វើការនេសាទបែប IUU ពីការចូលទៅកាន់កំពង់ផែទាំងនោះ។

លោក ដុងយូ បាននិយាយថា ជលផលនេសាទ និងវារីវប្បកម្មប្រកបដោយចីរភាពមានសក្តានុពលដ៏អស្ចារ្យក្នុងការចិញ្ចឹមប្រជាជនដែលកំពុងមានការកើនឡើងរបស់ពិភពលោក និងតម្រូវការកើនឡើងសម្រាប់អាហារក្នុងទឹកដែលមានសុខភាពល្អ។

លោក​បាន​ពន្យល់​ថា កិច្ចព្រមព្រៀង PSMA អាច​ជួយ​ដល់​ការ​ប្រែក្លាយ​ជលផល​ប្រកបដោយ​ចីរភាព​ទូទាំង​ពិភពលោក។ លោក ដុងយូ បានគូសបញ្ជាក់ថា ការនេសាទខុសច្បាប់បានក្លាយទៅជាការគំរាមកំហែងដល់ការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាពនៃធនធានសមុទ្រ និងប្រព័ន្ធអេកូឡូស៊ី និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ៦០០លាននាក់ដែលពឹងផ្អែកទៅធនធានទាំងនោះ។

រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងនេសាទរបស់ឥណ្ឌូណេស៊ី លោក សាកទី វ៉ាយុ ត្រេងហ្គោណូ (Sakti Wahyu Trenggono) បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការលុបបំបាត់ការនេសាទបែប IUU និងពង្រឹងការអនុវត្តច្បាប់។

ប្រទេសឥណ្ឌូណេស៊ីជាប្រទេសហត្ថលេខីដំបូងនៃកិច្ចព្រមព្រៀង PSMA កាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០០៩៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា