បរទេស៖ យោងតាមក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍របស់ប្រទេសឡាវបានឱ្យដឹងថា ប្រទេសឡាវបានស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណជិត ៨៣១.២៥០នាក់នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។
ក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងនោះ ភ្ញៀវទេសចរមកពីប្រទេសថៃបាននាំមុខគេដែលមានចំនួន ៣៤៤.៤០៥នាក់ និងតាមពីក្រោយដោយភ្ញៀវទេសចរមកពីវៀតណាមចំនួន ១៧៩.៨៨៥នាក់ និងចិនមានចំនួន ១៤៣.៣១២នាក់។
ចំនួនភ្ញៀវទេសចរមកពីអឺរ៉ុបកើនឡើងដល់ ៥៧.៤០០នាក់ និងភ្ញៀវទេសចរមកពីរុស្ស៊ីកើនឡើងដល់ ១១.៥៧៣នាក់។
កាលពីពេលថ្មីៗនេះ ឧស្សាហកម្មទេសចរណ៍របស់ប្រទេសឡាវបានទទួលការកោតសរសើរយ៉ាងច្រើនពីការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោក ដោយសារវាត្រូវបានចាត់ទុកថាជាគោលដៅទាក់ទាញបំផុតមួយក្នុងឆ្នាំ២០២៣។
ជាមួយនឹងចំនួនភ្ញៀវទេសចរដែលបានទៅដល់ប្រទេសឡាវក្នុងត្រីមាសទីមួយនេះ រដ្ឋាភិបាលឡាវទំនងជានឹងសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានចំនួន ១,៤លាននាក់នៅក្នុងឆ្នាំនេះ ដោយវាបានរួមចំណែកដល់ការបង្កើនល្បឿននៃការងើបឡើងវិញនៃឧស្សាហកម្ម ក៏ដូចជាសេដ្ឋកិច្ចជាតិដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាតកូវីដ១៩៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា