បរទេស៖ ប្រភពមួយចំនួនបាននិយាយកាលពីថ្ងៃចន្ទថា ប្រមុខការពារជាតិកូរ៉េខាងត្បូង និងជប៉ុនត្រូវបានគេរំពឹងថានឹងធ្វើកិច្ចពិភាក្សាទ្វេភាគីនៅដើមខែក្រោយនេះ ខណៈដែលប្រទេសទាំងពីរកំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខបន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីពេលថ្មីៗនេះរវាងមេដឹកនាំរបស់ពួកគេ។
យោងតាមប្រភពទាំងនោះបានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក លី ជុងស៊ុប (Lee Jong-sup) ត្រូវបានគេរំពឹងថានឹងជួបពិភាក្សាជាមួយសមភាគីជប៉ុន លោក យ៉ាស៊ូកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada) នៅខាងក្រៅនៃកិច្ចសន្ទនាសាងរី-ឡា (Shangri-La) ឆ្នាំនេះ នៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី២-៤ ខែមិថុនា។
កិច្ចចរចានេះនឹងកើតឡើងប្រហែលមួយខែបន្ទាប់ពីកិច្ចប្រជុំកំពូលដែលធ្វើឡើងរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) លើកទីពីររបស់ពួកគេកាលពីថ្ងៃអាទិត្យកន្លងទៅនៅទីក្រុងសេអ៊ូល។
កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីមួយនេះត្រូវបានកត់សម្គាល់ថាជាកិច្ចប្រជុំទ្វេភាគីលើកដំបូងរវាងប្រមុខការពារជាតិនៃប្រទេសទាំងពីរចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មក។
ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលក៏ត្រូវបានគេរាយការណ៍ផងដែរថា កំពុងធ្វើការដើម្បីរៀបចំឱ្យមានកិច្ចពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយប្រមុខការពារជាតិមកពីសហរដ្ឋអាមេរិក និងចិន ក៏ដូចជាកិច្ចប្រជុំត្រីភាគីដែលពាក់ព័ន្ធនឹងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូនៅឯការជួបជុំនៅប្រទេសសិង្ហបុរីនោះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា