ម៉ាឡេស៊ី កំពុងប្រឈមមុខនឹងរលកថ្មីនៃការឆ្លងជំងឺកូវីដ១៩

0

បរទេស៖ ក្រុមអ្នកជំនាញបានព្រមានថា ប្រទេសម៉ាឡេស៊ីកំពុងប្រឈមមុខនឹងរលកថ្មីនៃការឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីពិធីបុណ្យហារី រ៉ាយ៉ា អ៊ែដឌីលហ្វីទ្រី (Hari Raya Aidilfitri) ដែលជាពិធីបុណ្យប្រពៃណីដ៏ធំបំផុតរបស់ជនជាតិមូស្លីម។

អ្នកជំនាញខ្លះបានណែនាំដល់សាធារណៈជនឱ្យធ្វើតេស្តដោយខ្លួនឯង មុនពេលត្រឡប់ទៅធ្វើការងារ ឬសាលារៀនវិញ បន្ទាប់ពីថ្ងៃឈប់សម្រាកពិធីបុណ្យហារី រ៉ាយ៉ា អ៊ែដឌីលហ្វីទ្រី។

លោក ជី ហ៊ុយយី (Chee Hui Yee) សាស្ត្រាចារ្យរងផ្នែកមេរោគនៅសាកលវិទ្យាល័យពុត្រាម៉ាឡេស៊ី (Putra Malaysia) បានណែនាំឱ្យប្រជាជនធ្វើតេស្តប្រសិនបើមានរោគសញ្ញា ធ្វើចត្តាឡីស័កប្រសិនបើធ្វើតេស្តវិជ្ជមាន និងជៀសវាងការទៅកន្លែងដែលមានមនុស្សច្រើន។

សាស្ត្រាចារ្យផ្នែករោគរាតត្បាត លោក អាវ៉ាង ប៊ុលជីបា អាវ៉ាង ម៉ាហ៍មុដ (Awang Bulgiba Awang Mahmud) បានដកស្រង់ទិន្នន័យថ្ងៃទី២២ ខែមេសាស្តីពីការធ្វើតេស្តដែលត្រូវបានធ្វើដែលជាការបង្ហាញថា ការធ្វើតេស្តជំងឺកូវីដ១៩ កំពុងបង្ហាញលទ្ធផលវិជ្ជមានក្នុងអត្រា «ខ្ពស់ខ្លាំង»។

លោកក៏បានណែនាំដល់ប្រជាជនកុំឱ្យមើលស្រាលការកើតឡើងវិញនៃជំងឺកូវីដ១៩ ផងដែរ។

នៅពេលមុននេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោកស្រី ហ្សាលីហា មូស្តាហ្វា (Zaliha Mustafa) បានកត់សម្គាល់ទៅលើករណីចំនួន១២ នៃវ៉ារ៉្យង់រង XBB.1.16 ដែលត្រូវបានគេស្គាល់ថាជាវ៉ារ្យ៉ង់ Arcturus ត្រូវបានរាយការណ៍នៅក្នុងប្រទេសម៉ាឡេស៊ី។ អ្នកជំងឺទាំងអស់មានរោគសញ្ញាស្រាល ហើយស្ថិតក្នុងស្ថានភាពថេរ។

ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញពីការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ នៅមុនពិធីបុណ្យហារី រ៉ាយ៉ា អ៊ែដឌីលហ្វីទ្រី។

ចំនួនករណីឆ្លងបានកើនឡើង ៨៧,៥% ក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយរហូតដល់ថ្ងៃទី៨ ខែមេសា ខណៈដែលចំនួនអ្នកជំងឺដែលចូលសម្រាកនៅមន្ទីរពេទ្យ និងករណីស្លាប់ត្រូវបានកត់ត្រានូវការកើនឡើងរៀងៗខ្លួនចំនួន ៣០,៥% និង ២៥%៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា