អត្រាអតិផរណារបស់ប្រទេសឡាវក្នុងខែមេសាបានធ្លាក់ចុះមកនៅត្រឹម ៣៩,៨៩%

0

បរទេស៖ យោងតាមការិយាល័យស្ថិតិរបស់ប្រទេសឡាវបានឱ្យដឹងថា អត្រាអតិផរណារបស់ប្រទេសឡាវក្នុងខែមេសាបានធ្លាក់ចុះមកនៅត្រឹម ៣៩,៨៩% ដែលជាការធ្លាក់ចុះបន្តិចពីអត្រាជាមធ្យម ៤០,៨៥% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ ប្រទេសនេះបានកត់ត្រាអត្រាអតិផរណាចំនួន ៤០,៩៧% នៅក្នុងខែមីនា ដែលជាការធ្លាក់ចុះជាលើកដំបូងពីខែមុន។

នៅក្នុងខែមេសា ការកើនឡើងតម្លៃខ្ពស់បំផុតត្រូវបានកត់ត្រានៅក្នុងប្រភេទទំនិញអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលដែលបានកើនឡើង ៥២​,២១% និងតាមពីក្រោយដោយទំនិញប្រភេទថែទាំវេជ្ជសាស្រ្ត និងឱសថដែលកើនឡើងបាន ៤២,៥៥% ប្រភេទទំនាក់ទំនង និងដឹកជញ្ជូន ៣២,៦៩% ប្រភេទសណ្ឋាគារ និងភោជនីយដ្ឋាន ៣៧,៣៩% ប្រភេទឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ៣៤,២០% និង​ប្រភេទលំនៅដ្ឋាន ទឹក អគ្គិសនី និង​ឧស្ម័ន ២៦,៥៩%។

ទោះបីជាអត្រាអតិផរណាមានទំនោរធ្លាក់ចុះធៀបនឹងរយៈពេលបីខែដំបូងនៃឆ្នាំនេះក៏ដោយ ក៏តម្លៃទំនិញជាច្រើនដែលរួមមានសាច់ជ្រូក សាច់គោ សាច់មាន់ និងអង្ករបានបន្តកើនឡើងប្រហែល ១,៧%។

ស្ថិតិបានបង្ហាញថា នៅក្នុងខែមេសា បើទោះបីជាមិនមានសម្ពាធពីការកើនឡើងតម្លៃប្រេងក៏ដោយ ក៏ទំនិញនៅក្នុងប្រទេសឡាវត្រូវបានមើលឃើញថាមានការកើនឡើងនៃតម្លៃដោយសារតែតម្រូវការខ្ពស់ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីរបស់ឡាវ។ ទន្ទឹមនឹងនេះដែរ ការបន្តធ្លាក់ថ្លៃនៃប្រាក់គីបឡាវ គឺជាកត្តាសំខាន់ដែលជំរុញឱ្យមានអតិផរណានៅក្នុងប្រទេសឡាវ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា