បរទេស៖ កងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូណេស៊ី (TNI) និងប៉ូលិសជាតិឥណ្ឌូណេស៊ី (Polri) បានធ្វើសមយុទ្ធសន្តិសុខកាលពីថ្ងៃទី៦ ខែឧសភា សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា នៅទីក្រុងឡាប៊ូនបាចូក្នុងខេត្តនូសាតេងហ្ការ៉ាខាងកើត។
អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ លីស្ទីយ៉ូ ស៊ីហ្គីត ប្រ៉ាបូវ៉ូ (Listyo Sigit Prabowo) បាននិយាយថា កងទាហាន និងប៉ូលិសជាង ១២.០០០នាក់ នឹងត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ចំនួនបីចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា។ សេណារីយ៉ូជាច្រើនត្រូវបានគូសបញ្ជាក់ដើម្បីការពារកិច្ចប្រជុំកំពូលអាស៊ានពីការគំរាមកំហែងផ្សេងៗ រាប់ចាប់តាំងពីសកម្មភាពឧក្រិដ្ឋកម្ម ការតវ៉ា ការរំខានសន្តិសុខ ការវាយប្រហារតាមអ៊ីនធើណេត រហូតដល់គ្រោះមហន្តរាយធម្មជាតិដែលមិននឹកស្មានដល់។
នៅពេលមុននេះ ម្ចាស់ផ្ទះឥណ្ឌូណេស៊ីបានដាក់ពង្រាយនាវាដែលមានសមត្ថភាពខ្លាំងជាកន្លែងសម្រាប់ផ្ទុកអ្នកសារព័ត៌មានបរទេសក្នុងអំឡុងពេលព្រឹត្តិការណ៍នោះ។
នាវានោះនឹងផ្តល់សេវាកម្មស្នាក់នៅដោយឥតគិតថ្លៃចាប់ពីថ្ងៃទី៧-១២ ខែឧសភា សម្រាប់មនុស្សជាង ១.៩០០នាក់ក្នុងបន្ទប់សរុបចំនួន ៥០៨បន្ទប់។ លើសពីនេះទៀត វាក៏មានតំបន់កម្រិតធម្មតាមួយកន្លែងដែលអាចផ្ទុកមនុស្សបានប្រមាណជិត ១.៤០០នាក់ផងដែរនៅលើនាវានោះ។
កិច្ចប្រជុំកំពូលអាស៊ានត្រូវបានគេរំពឹងថានឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើឧស្សាហកម្មទេសចរណ៍របស់ទីក្រុងឡាប៊ូនបាចូ និងរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារឡើងវិញនូវ «ឧស្សាហកម្មគ្មានផ្សែង» របស់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររយៈពេល ៣ឆ្នាំពីជំងឺរាតត្បាតកូវីដ១៩។
មន្ត្រីឥណ្ឌូណេស៊ីបានប៉ាន់ប្រមាណថា ព្រឹត្តិការណ៍នោះអាចរួមចំណែកប្រមាណជិត ៣៤១លានដុល្លារអាម៉េរិកដល់សេដ្ឋកិច្ចក្នុងស្រុក ទន្ទឹមនឹងការលើកកម្ពស់ដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងសហគ្រាសធុនតូច និងមធ្យម (MSMEs)៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា