ធនាគារឥណ្ឌូណេស៊ី និងធនាគារកណ្តាលឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

0

បរទេស៖ ធនាគារឥណ្ឌូណេស៊ី (BI) និងធនាគារកណ្តាលនៃសាធារណរដ្ឋប្រជាមានិតឡាវ (BOL) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ (MoU) ដើម្បីពង្រឹងទំនាក់ទំនងរវាងធនាគារកណ្តាលទាំងពីរ។

MoU នោះត្រូវបានចុះហត្ថលេខាដោយលោក ភែររី វ៉ាជីយ៉ូ (Perry Warjiyo) ទេសាភិបាលធនាគារ BI និងលោក ប៊ូនលឿ ស៊ីនសាយវ៉ូរ៉ាវង្ស (Bounleua Sinxayvoravong) ទេសាភិបាលធនាគារ BOL កាលពីថ្ងៃទី២ ខែឧសភា នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាលអាស៊ាន+៣ (AFMGM+3) នៅទីក្រុងអ៊ីនឈុនរបស់កូរ៉េខាងត្បូង។

ការចុះហត្ថលេខាលើ MoU នោះជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ BI និងធនាគារ BOL ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរតាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការដែលមានរចនាសម្ព័ន្ធ និងជាប្រព័ន្ធ។ វាមានគោលបំណងជួយសម្រួលដល់គំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការផ្សេងៗក្នុងវិស័យស្នូលមួយចំនួន ដូចជាគោលនយោបាយរូបិយវត្ថុ គោលនយោបាយម៉ាក្រូ ស្ថិរភាពហិរញ្ញវត្ថុ និងប្រព័ន្ធបង់ប្រាក់ និងការទូទាត់។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមបានឱ្យដឹងថា កិច្ចព្រមព្រៀងនោះនឹងត្រូវបានអនុវត្តតាមរយៈកិច្ចសន្ទនាគោលនយោបាយ ការផ្លាស់ប្តូរព័ត៌មាន កិច្ចសហប្រតិបត្តិការបច្ចេកទេស ការទំនាក់ទំនង និងការពិគ្រោះយោបល់លើការត្រួតពិនិត្យកិច្ចសហប្រតិបត្តិការ ការច្នៃប្រឌិតរួមគ្នា និងការអភិវឌ្ឍសមត្ថភាព។

ទេសាភិបាលធនាគារឥណ្ឌូណេស៊ីបានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើ MoU នោះ គឺជាចំណុចចាប់ផ្តើមសម្រាប់កិច្ចសហការដ៏រឹងមាំបន្ថែមទៀតសម្រាប់ធនាគារកណ្តាលទាំងពីរនាពេលអនាគត។ វាក៏ស្របទៅតាមស្មារតីនៃការធ្វើជាប្រធានអាស៊ានឆ្នាំ២០២៣ របស់ប្រទេសឥណ្ឌូណេស៊ីផងដែរក្នុងការជំរុញឱ្យមានបរិយាប័ន្ន និងការតភ្ជាប់ក្នុងចំណោមសេដ្ឋកិច្ចក្នុងតំបន់។

ជាមួយគ្នានេះដែរ អភិបាលនៃធនាគារកណ្តាលបាននិយាយថា MoU នោះមិនត្រឹមតែជាសញ្ញាដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការចាប់ផ្តើមដ៏ល្អមួយដើម្បីគាំទ្រដល់ការសម្រេចបាននូវការតភ្ជាប់ក្នុងតំបន់របស់អាស៊ានផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន