បរទេស៖ នៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៩-១១ ខែឧសភា នៅទីក្រុងឡាប៊ូនបាចូនៅភាគខាងលិចខេត្តនូសាតេងហ្ការ៉ា ប្រទេសឥណ្ឌូណេស៊ីនឹងស្វែងរកការពង្រឹងកិច្ចខិតខំប្រឹងប្រែងសម្រាប់ការកាត់បន្ថយការជួញដូរមនុស្ស។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី លោក តឹកគូ ហ្វៃហ្សាស៊ីយ៉ាហ៍ (Teuku Faizasyah) បានបង្ហើបថា ដោយសារតែការយកចិត្តទុកដាក់របស់បណ្តាមេដឹកនាំអាស៊ានចំពោះបញ្ហានេះ ដោយមើលឃើញពីករណីដ៏ច្រើនពាក់ព័ន្ធនឹងការជួញដូរមនុស្សនៅក្នុងតំបន់ តាមរយៈ ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេត នឹងធ្វើឱ្យការជួញដូរមនុស្សនឹងក្លាយជាប្រធានបទសំខាន់មួយនៃកិច្ចពិភាក្សាក្នុងកិច្ចប្រជុំកំពូលនោះ។
យោងតាមរដ្ឋមន្ត្រីរូបនោះបានឱ្យដឹងថា គំនិតផ្តួចផ្តើមរបស់ប្រទេសឥណ្ឌូណេស៊ីនឹងត្រូវបានពិភាក្សា និងពិពណ៌នានៅក្នុងសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលបណ្តាលមកពីការរំលោភបំពាននៃបច្ចេកវិទ្យា។
លោកបានសង្កត់ធ្ងន់ថា ភាពស្មុគស្មាញនៃការជួញដូរមនុស្ស ជាការចាំបាច់ដែលត្រូវតែដោះស្រាយតាមតំបន់ជាសមូហភាព ដោយចាប់ផ្តើមពីការរកឃើញ ការបង្ការ ការការពារ ការធ្វើមាតុភូមិនិវត្តន៍ និងការស្តារនីតិសម្បទា ដើម្បីដោះស្រាយឫសគល់នៃបញ្ហា។ ដូច្នេះ សមត្ថភាពនៃកងកម្លាំងអនុវត្តច្បាប់របស់ប្រទេសជាសមាជិកអាស៊ានគួរតែត្រូវបានពង្រឹងសម្រាប់ការអនុវត្តការស៊ើបអង្កេត ការប្រមូលភស្តុតាង ការកំណត់អត្តសញ្ញាណជនរងគ្រោះ និងការកាត់ទោស៕
ប្រភព៖ ក្រសួងព័ត៌មាន