អាស៊ាន+៣ បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ

0

បរទេស៖ បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃប្រទេសជាសមាជិកអាស៊ាន ព្រមទាំងប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន (អាស៊ាន+៣) បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់។

ការឯកភាពគ្នានេះត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាលអាស៊ាន+៣ លើកទី២៦ ដែលបានធ្វើឡើងនៅទីក្រុងអ៊ីនឈុន (Incheon) របស់កូរ៉េខាងត្បូងកាលពីថ្ងៃទី២ ខែឧសភា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សាការតាកាលពីថ្ងៃទី៣ ខែឧសភា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី ស្រ៊ី មូលីយ៉ានី អ៊ីនដ្រាវ៉ាទី (Sri Mulyani Indrawati) ដែលជាសហប្រធាននៃកិច្ចប្រជុំនោះបាននិយាយថា ការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ត្រូវបានអនុវត្តតាមរយៈការរៀបចំហិរញ្ញប្បទានក្នុងតំបន់ (RFA) ទិសដៅអនាគតនៃគំនិតផ្តួចផ្តើមពហុភាគីនិយមឈៀងម៉ៃ (CMIM) ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) និងគំនិតផ្តួចផ្តើមទីផ្សារមូលបត្រអាស៊ី (ABMI)។

ភាគីនានាក៏បានឯកភាពគ្នាផងដែរក្នុងការជំរុញកិច្ចសហការផ្នែកហិរញ្ញវត្ថុតាមរយៈគំនិតផ្តួចផ្តើមអនាគតអាស៊ាន+៣ ដែលរួមមានហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ ការសិក្សាលើគ្រឹះស្ថានមិនផ្តល់ប្រាក់កម្ចី ហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយ (DRF) ការប្រើប្រាស់ភាពជឿនលឿនឌីជីថល (FinTech) ក៏ដូចជាការសិក្សាទៅលើប្រធានបទយុទ្ធសាស្ត្រមួយចំនួនស្តីពី ហិរញ្ញវត្ថុឌីជីថល ហិរញ្ញវត្ថុប្រកបដោយចីរភាព បំណុលសាជីវកម្ម បំណុលគ្រួសារ និងប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុក (LCT) ។

នៅក្នុងកិច្ចប្រជុំនោះ លោកស្រីរដ្ឋមន្ត្រីក៏បានលើកឡើងអំពីកំណើនដ៏រឹងមាំនៃសេដ្ឋកិច្ចអាស៊ាន+៣ ចំនួន ៣,២% កាលពីក្នុងឆ្នាំ២០២២ ផងដែរ បើទោះបីជាឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ១៩ និងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនកំពុងបន្តអូសបន្លាយក៏ដោយ។

សេដ្ឋកិច្ចតំបន់នេះត្រូវបានគេរំពឹងថានឹងកើនឡើង ៤,៦% នៅក្នុងឆ្នាំ២០២៣ ដែលដឹកនាំដោយតម្រូវការក្នុងស្រុកដ៏រឹងមាំ ខណៈដែលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចបន្តទទួលបានភាពទាក់ទាញ៕

ប្រភព៖ ក្រសួងព័ត៌មាន