លោក​ពូទីន នឹងពិភាក្សាអំពីការអភិវឌ្ឍវិស័យទេសចរណ៍ជាមួយសមាជិកគណៈរដ្ឋមន្ត្រី

0

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរបស់វិមានក្រឹមឡាំងបានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបប្រជុំជាមួយសមាជិករដ្ឋាភិបាលក្នុងទម្រង់ជាសន្និសីទវីដេអូនៅថ្ងៃអង្គារនេះ។

សារព័ត៌មាននោះបាននិយាយថា «បញ្ហានៃការអភិវឌ្ឍវិស័យទេសចរណ៍នឹងក្លាយជាប្រធានបទសំខាន់ ហើយរបាយការណ៍នៃកិច្ចប្រជុំនោះនឹងត្រូវបានផ្តល់ជូនដោយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឈើរនីសិនកូ (Chernyshenko) រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសេដ្ឋកិច្ច លោក រេសេតនីកូវ (Reshetnikov) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក សាវែលយ៉េវ (Savelyev) រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក កូហ្សឡូវ»។

លើសពីនេះទៀត បញ្ហាពាក់ព័ន្ធមួយចំនួននាពេលបច្ចុប្បន្ននេះនឹងត្រូវយកមកពិចារណា។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយនៅពេលមុននេះថា លោក ពូទីន ក៏នឹងលើកឡើងអំពីបញ្ហានៃការកសាងឡើងវិញនូវគ្រឿងបរិក្ខារ បន្ទាប់ពីភ្លើងឆេះនៅតំបន់ស្វឺដឡូវស្ក៍ (Sverdlovsk) នៃតំបន់សូសវ៉ា (Sosva) ក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយគណៈរដ្ឋមន្ត្រីនោះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា