ការវិនិយោគផ្ទាល់ពីបរទេស នៅប្រទេសឥណ្ឌូនេស៊ីមានការកើនឡើងនៅត្រីមាសទី១

0

បរទេស៖ ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រានូវការកើនឡើង ២០,២% ក្នុងការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងត្រីមាសទី១ (Q1) នៃឆ្នាំនេះ ដោយឧស្សាហកម្មដែកមូលដ្ឋាន គឺជាវិស័យរួមចំណែកដ៏ធំបំផុត ចំពេលដែលមានកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការវិនិយោគលើរ៉ែកែច្នៃ។

យោងតាមទិន្នន័យពីក្រសួងវិនិយោគរបស់ប្រទេសឥណ្ឌូណេស៊ីបានឱ្យដឹងថា ការវិនិយោកផ្ទាល់ពីបរទេសនៅក្នុងត្រីមាសទីមួយ ដែលមិនរាប់បញ្ចូលនូវការវិនិយោគក្នុងវិស័យធនាគារ ប្រេង និងឧស្ម័ន មានតម្លៃ ១៧៧ទ្រីលាន IDR (១១,៩៦ប៊ីលានដុល្លារអាម៉េរិក) ដោយកើនឡើង ៤៣,៣% បើធៀបទៅនឹងត្រីមាសចុងក្រោយនៃឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូណេស៊ី លោក បាហ៍លីល ឡាហាដាលីយ៉ា (Bahlil Lahadalia) បាននិយាយថា ការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យផលិតកម្ម ជាពិសេសឧស្សាហកម្មលោហធាតុ នៅក្នុងត្រីមាសទី១ ជាប់ចំណាត់ថ្នាក់ទីមួយដែលបង្ហាញពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការផ្តល់តម្លៃបន្ថែមទៅលើធនធានធម្មជាតិដែលមានផលប៉ះពាល់ជាវិជ្ជមាន។

ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងហាមឃាត់ការនាំចេញសារធាតុរ៉ែឆៅ ដូចជាទង់ដែង និងបាស៊ីតចាប់ពីខែមិថុនា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញការវិនិយោគទៅក្នុងឧស្សាហកម្មកែច្នៃលោហធាតុ និងជំរុញតម្លៃនៃការនាំចេញរបស់ខ្លួន។

យោងតាមទិន្នន័យរបស់ក្រសួងបានឱ្យដឹងថា ប្រទេសសិង្ហបុរី ទីក្រុងហុងកុងរបស់ប្រទេសចិន និងប្រទេសចិនបានរួមចំណែកធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងត្រីមាសទី១ ជាមួយនឹងការវិនិយោគចំនួន ៤,៣ប៊ីលានដុល្លារអាម៉េរិក ១,៥ប៊ីលានដុល្លារអាម៉េរិក និង ១,២ប៊ីលានដុល្លារអាម៉េរិករៀងៗគ្នា។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក បាហ៍លីល បាននិយាយថា បញ្ហាប្រឈមដើម្បីសម្រេចបានគោលដៅវិនិយោគ រួមមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការធានាស្ថិរភាពនយោបាយមុនការបោះឆ្នោតនៅឆ្នាំក្រោយ នៅពេលដែលប្រទេសឥណ្ឌូណេស៊ីនឹងជ្រើសរើសប្រធានាធិបតី និងសមាជិកសភាថ្មី។

លោកក៏បាននិយាយផងដែរថា ប្រទេសឥណ្ឌូណេស៊ីនឹងបន្តផ្តោតការយកចិត្តទុកដាក់ទៅលើការទាក់ទាញការវិនិយោគនៅក្នុងត្រីមាសបន្ទាប់ទៅក្នុងវិស័យឧស្សាហកម្មកែច្នៃ រួមទាំងធនធានធម្មជាតិដែលជាផ្នែកមួយនៃគោលដៅរបស់ខ្លួនដើម្បីក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង៥ របស់ពិភពលោកទាក់ទងនឹងផលិតផលក្នុងស្រុកសរុប៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា