ប្រទេសសមាជិកអាស៊ានចំនួន ៥ នឹងជួបប្រជុំគ្នាទាក់ទងនឹងបញ្ហា​អ័ព្ទក្នុងបរិយាកាសឆ្លង​ដែន

0

បរទេស៖  អ្នកតំណាង​ប្រទេស​ជាសមាជិក​អាស៊ាន​ចំនួន៥ ​គឺប្រទេស​ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូណេស៊ី សិង្ហបុរី និង​ថៃ គ្រោង​នឹង​ជួបប្រ​ជុំ​គ្នា​ក្នុង​ប្រទេស​សិង្ហបុរី​ពី​ថ្ងៃ​ទី​៧-៨ ខែ​មិថុនា ដើម្បី​ពិភាក្សា​គ្នាអំពី​បញ្ហា​អ័ព្ទក្នុងបរិយាកាសឆ្លង​ដែន។

កិច្ចប្រជុំនោះនឹងក្លាយជាកិច្ចប្រជុំលើកទី២៤ ចាប់តាំងពីកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលអ័ព្ទក្នុងបរិយាកាសឆ្លងដែនត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០០២។

រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុរបស់ប្រទេសម៉ាឡេស៊ី លោក នីក ណាហ្សមី នីក អាម៉ាដ (Nik Nazmi Nik Ahmad) បាននិយាយថា ប្រទេសម៉ាឡេស៊ីទន្ទឹងរង់ចាំពិភាក្សាអំពីបញ្ហាអាកាសធាតុក្តៅ លទ្ធភាពនៃឧប្បត្តិហេតុអ័ព្ទក្នុងបរិយកាស និងយុទ្ធសាស្ត្រដើម្បីឆ្លើយតប។

លោក​បាននិយាយ​បន្ថែម​ថា អាស៊ាន​នឹង​បង្កើត​ផែនទីបង្ហាញ​ផ្លូវមួយ​ដែល​បាន​កែ​សម្រួល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អ័ព្ទក្នុងបរិយាកាសឆ្លង​ដែន ដើម្បី​កែលម្អ​គោលការណ៍​ណែនាំ​ដែល​មាន​ស្រាប់។

កម្រិតគ្រោះថ្នាក់នៃផ្សែងអ័ព្ទក្នុងបរិយាកាសដោយសារតែការដុតបានគ្របដណ្តប់ផ្នែកភាគខាងជើងនៃប្រទេសថៃ មីយ៉ាន់ម៉ា និងឡាវ ចាប់តាំងពីដើមឆ្នាំនេះ។

រដ្ឋាភិបាលម៉ាឡេស៊ីនឹងបើកកិច្ចប្រជុំគណៈកម្មាធិការជាតិ ស្តីពីអ័ព្ទ និងអាកាសធាតុស្ងួត នៅថ្ងៃទី២៦ ខែឧសភា ដើម្បីរក្សាបាននូវការអភិវឌ្ឍ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា