បរទេស៖ គណៈកម្មាធិការមជ្ឈិមក្រុមវេជ្ជបណ្ឌិតរបស់ប្រទេសស៊ូដង់បានរាយការណ៍កាលពីថ្ងៃចន្ទថា ចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងគាំទ្ររហ័ស (RSF) នៅក្នុងប្រទេសស៊ូដង់ បានកើនឡើងដល់ ៤៣៦នាក់ ខណៈដែលមនុស្សចំនួន ២.១៧៤នាក់បានរងរបួស។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយស្ថាប័ននោះនៅលើបណ្តាញសង្គមហ្វេសប៊ុក (ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីវាក្លាយជាកម្មសិទ្ធិរបស់ក្រុមហ៊ុមសាជីវកម្ម Meta ដែលត្រូវបានចាត់ទុកថាក្រុមជ្រុលនិយមដោយអាជ្ញាធររុស្ស៊ី) បានឱ្យដឹងថា «ចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការប៉ះទង្គិចគ្នាបានកើនឡើងដល់ ៤៣៦នាក់ ខណៈដែលចំនួនអ្នករងរបួសកើនដល់ ២.១៧៤នាក់»។
ក្រុមវេជ្ជបណ្ឌិតបានកត់សម្គាល់ថា ករណីស្លាប់ និងរបួសជាច្រើនមិនត្រូវបានចុះបញ្ជីទេដោយសារតែស្ថានភាពសន្តិសុខ។ ស្ថាប័ននេះបាននិយាយថា «មណ្ឌលសុខភាពទាំងអស់នៅក្នុងទីក្រុង El Geneina (រដ្ឋធានីនៃខេត្តដាហ្វ័រខាងលិចរបស់ប្រទេសស៊ូដង់) នៅតែត្រូវបានបិទ»។
យោងតាមព័ត៌មានរបស់ក្រុមវេជ្ជបណ្ឌិតបានឱ្យដឹងថា មនុស្សរាប់សិបនាក់បានស្លាប់ និងរាប់រយនាក់បានរងរបួសនៅទីនោះចាប់តាំងពីថ្ងៃទី២០ ខែមេសាមក។ កាលពីថ្ងៃទី៣០ ខែមេសា ក្រុមវេជ្ជបណ្ឌិតបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៤២៥នាក់ក្នុងចំណោមជនស៊ីវិលដែលជាលទ្ធផលនៃជម្លោះនោះ។
ស្ថានភាពនៅក្នុងប្រទេសស៊ូដង់បានកើនឡើងដោយសារតែការខ្វែងគំនិតគ្នារវាងមេបញ្ជាការកងទ័ព អាប់ឌែល ហ្វាតតាហ៍ អាល់-បឺរហាន (Abdel Fattah al-Burhan) ដែលជាប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រ (ស្ថាប័នគ្រប់គ្រងរបស់ប្រទេស) និងអនុប្រធានក្រុមប្រឹក្សារបស់លោក ម៉ូហាម៉េដ ហាំដាន ដាហ្កាឡូ (Mohamed Hamdan Dagalo) ដែលជាប្រធានក្រុមកងម្លាំងគាំទ្ររហ័ស។ កាលពីព្រឹកថ្ងៃទី១៥ ខែមេសា ការប៉ះទង្គិចគ្នាបានកើតឡើងរវាងកងកម្លាំងទាំងពីរនៅជិតមូលដ្ឋានយោធាក្នុងទីក្រុងមេរ៉ូវ (Merowe) និងក្នុងរដ្ឋធានីខាទូម (Khartoum) របស់ប្រទេសស៊ូដង់៕
ប្រភព៖ ក្រសួងព័ត៌មាន