បរទេស៖ ក្រសួងឧស្សាហកម្មថៃបានប្រកាសថា ទិន្នផលឧស្សាហកម្មរបស់ប្រទេសថៃបានធ្លាក់ចុះក្នុងរយៈពេលប្រាំមួយខែជាប់ៗគ្នានៅក្នុងខែមីនា ដោយសារតែការថយចុះនៃតម្រូវការសកលលោកបានរារាំងដល់ការនាំចេញ។ ដូច្នោះហើយ សន្ទស្សន៍ផលិតកម្មរបស់ប្រទេសថៃ (MPI) បានធ្លាក់ចុះ ៤,៥៦% នៅក្នុងខែមីនាបើធៀបទៅនឹងឆ្នាំមុន ប៉ុន្តែបានកើនឡើង ៥,៤៧% ពីមួយខែទៅមួយខែ។
តួលេខខែមីនាបានកើតឡើងបន្ទាប់ពីការធ្លាក់ចុះចំនួន ២,៣៨% និង ៤,៨១% កាលពីក្នុងខែកុម្ភៈ និងខែមករារៀងៗគ្នា។ ក្រសួងឧស្សាហកម្មថៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សម្រាប់ត្រីមាសទីមួយនៃឆ្នាំនេះ សន្ទស្សន៍បានធ្លាក់ចុះ ៣,៩៤% បើធៀបទៅនឹងឆ្នាំមុន។
នាយកការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មនៃក្រសួងឧស្សាហកម្មថៃ លោក វ៉ូរ៉ាវ៉ាន់ ជីតារូន (Worawan Chitaroon) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា បើទោះបីជាមានការថយចុះជានិរន្តរភាពនៃផលិតផល Hard Disk Drive គ្រឿងសង្ហារិម និងការផលិតគ្រាប់ប្លាស្ទិកក៏ដោយ ក៏ការផលិតម៉ាស៊ីនត្រជាក់បានកើនឡើង ៧,០៩% បើធៀបទៅនឹងឆ្នាំមុនកាលពីខែមុន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំបីឆ្នាំកន្លងមកនេះ ដោយសារតម្រូវការពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក វ៉ូរ៉ាវ៉ាន់ បាននិយាយថា ក្រសួងបានរំពឹងទុកថា ទិន្នផលឧស្សាហកម្មនឹងមានភាពប្រសើរឡើងនៅក្នុងខែមេសា ដែលជំរុញដោយតម្រូវការក្នុងស្រុកបន្ទាប់ពីការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ខណៈដែលការពង្រីកការវិនិយោគ និងវិស័យសំណង់ជួយដល់វិស័យផលិតកម្ម៕
ប្រភព៖ ក្រសួងព័ត៌មាន