ឡាវ សម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករ

0

បរទេស៖ រដ្ឋាភិបាលឡាវបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែពី ១,២លានគីប (ប្រមាណជិត ៧០ដុល្លារអាម៉េរិក) ដល់ ១,៣លានគីប ចាប់ពីថ្ងៃទី១ ខែឧសភា ដើម្បីបន្ធូរបន្ថយការលំបាកដែលកំពុងប្រឈមមុខរបស់កម្មករ ចំពេលដែលអតិផរណាមានការកើនឡើង និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។

សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​របស់​រដ្ឋាភិបាល​ឡាវ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៥ ដល់ថ្ងៃទី២៦ ខែ​មេសា ក្រោម​អធិបតីភាពនាយក​រដ្ឋមន្ត្រីឡាវ ​លោក សុនិស្ស័យ ស៊ីផាដូន (Sonexay Siphandone)។

នៅក្នុងឆ្នាំ២០២២ នៅពេលដែលជីវភាពរបស់កម្មករត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការកើនឡើងនៃអតិផរណា គណៈកម្មាធិការកណ្តាលសហព័ន្ធសហជីពឡាវបានស្នើសុំដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែដល់ ១,៥លានគីប។

ទោះជាយ៉ាងណាក៏ដោយ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិឡាវបានជំទាស់ដោយបាននិយាយថា ការដំឡើងប្រាក់ឈ្នួលនឹងជះឥទ្ធិពលអវិជ្ជមានដល់សហគ្រាសដែលកំពុងជួបការលំបាកផងដែរ។

ក្រៅពីការដំឡើងប្រាក់ឈ្នួលអប្បបរមា លោកនាយករដ្ឋមន្ត្រី សុនិស្ស័យ ស៊ីផាដូន បានប្រាប់ទៅក្រសួងការងារ និងសុខុមាលភាពសង្គម ឱ្យធ្វើការងារជាមួយវិស័យពាក់ព័ន្ធទាំងអស់ដើម្បីពិចារណាថា តើការដំឡើងប្រាក់ឈ្នួលនេះពាក់ព័ន្ធទៅនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នយ៉ាងដូចម្តេច។

លោកក៏បានស្នើដល់ក្រសួង និងវិស័យនានា ឱ្យធ្វើការសិក្សាស៊ីជម្រៅទៅលើការដំឡើងប្រាក់ឈ្នួល និងរាយការណ៍លទ្ធផលជូនរដ្ឋាភិបាលក្នុងត្រីមាសទី៣ នៃឆ្នាំនេះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា