ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា កម្ពុជានឹងមានផ្លូវល្បឿនជាច្រើនបន្ថែមទៀត ខណ:ផ្លូវល្បឿនលឿនសៀមរាប ភ្នំពេញ នឹងបញ្ចប់ការសិក្សាគម្រោងនៅខែឧសភា ឆ្នាំ២០២៣នេះ។
ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់សម្រាប់អាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅក្រុងសៀមរាប នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។
ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា សម្រាប់កម្ពុជា ការអភិវឌ្ឍមានច្រើនជាបន្តបន្ទាប់ មានទាំងគម្រោងតូច គម្រោងធំ។ ឯកឧត្តមបន្តថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត។ នៅថ្ងៃទី០១ ខែឧសភា ខាងមុខនេះដែរ សម្តេចតេជោក៏នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងសម្ពោធបើកការដ្ឋានសាងសង់ផែកុងទីន័រថ្មីមួយទៀតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានជម្រៅទឹក ១៤,៥ម៉ែត្រ ដែលផែថ្មីនេះ អាចឲ្យនាវាប្រមាណជា ៩៣ភាគរយ ដែលចរាចរណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចចូលចតបាន ខណ:ពេលបច្ចុប្បន្ននេះ មាននាវាប្រមាណតែ ១៨%ប៉ុណ្ណោះ ដែលអាចចូលចតបាន។
ឯកឧត្តម ស៊ុន ចាន់ថុល បន្តថា ជាមួយគ្នានេះ យើងក៏បានសិក្សា ផ្លូវរថភ្លើង ដែលបច្ចុប្បន្នមានល្បឿនយឺត ឲ្យទៅជាផ្លូវរថយន្តភ្លើងមានល្បឿនលឿនពីភ្នំពេញ ទៅប៉ោយប៉ែត ហើយពីភ្នំពេញទៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាមួយគ្នានឹងការសិក្សាគម្រោងដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ ទៅកាន់សមុទ្រនៅខេត្តកែប ក៏បានបញ្ចប់ផងដែរ។ ឯកឧត្តមបន្តថា នៅមានគម្រោងជាច្រើនទៀត ទាំងតូច ទាំងធំ ក្នុងនោះក៏មានគម្រោងផ្លូវល្បឿនលឿនទី៣ សៀមរាប ភ្នំពេញ ហើយក៏អាចមានផ្លូវល្បឿនលឿនទី៤ ទី៥ ទី៦ ជាបន្តទៀត។
សូមជម្រាបជូនថា ផ្លូវល្បឿនលឿន ទី១ ភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីចុងឆ្នាំ២០២២។ ផ្លូវល្បឿនលឿនទី១នេះ បានប្រើប្រាស់ទុនវិនិយោគប្រមាណ ២ពាន់លានដុល្លាអាមេរិក៕
ប្រភព៖ ក្រសួងព័ត៌មាន