កូរ៉េខាងជើង បានប្តេជ្ញាពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី

0

បរទេស៖ កាលពីថ្ងៃអង្គារ ប្រទេសកូរ៉េខាងជើងបានប្តេជ្ញាពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសរុស្ស៊ីក្នុងឱកាសនៃខួបលើកទីបួននៃកិច្ចប្រជុំកំពូល លើកដំបូងរវាងមេដឹកនាំនៃប្រទេសទាំងពីរ។

អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក អ៊ឹម ជុនអ៊ីល (Im Chon-il) បានចេញសេចក្តីថ្លែងការណ៍មួយដោយបានបញ្ជាក់ពី «ការគាំទ្រគ្នាទៅវិញទៅមក និងសាមគ្គីភាព» រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ដោយប្រារព្ធខួបនៃកិច្ចប្រជុំកំពូលឆ្នាំ២០១៩ រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដែលធ្វើឡើងនៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក។

លោក អ៊ឹម បាននិយាយថា «ប្រទេសទាំងពីរកំពុងពង្រឹងការគាំទ្រគ្នាទៅវិញទៅមក និងសាមគ្គីភាពក្នុងការតស៊ូដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវគ្រោះថ្នាក់នៃសង្គ្រាម និងការគំរាមកំហែងខាងយោធាពីខាងក្រៅ»។

មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសកូរ៉េខាងជើងនឹងនៅតែបន្តលើកកម្ពស់ទំនាក់ទំនងដ៏យូរអង្វែង និងជាប្រពៃណីនៃមិត្តភាពរវាងប្រទេសទាំងពីរ។

ប្រទេសកូរ៉េខាងជើងបាននិងកំពុងពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី បើទោះបីជាមានការថ្កោលទោសជាអន្តរជាតិជុំវិញបញ្ហាសង្គ្រាមរបស់ទីក្រុងមូស្គូជាមួយប្រទេសអ៊ុយក្រែនក៏ដោយ។ ប្រទេសកូរ៉េខាងជើងបានបដិសេធចំពោះការចោទប្រកាន់ដែលថាខ្លួនបានផ្តល់អាវុធដល់ប្រទេសរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមអ៊ុយក្រែន។

ការនាំចេញអាវុធរបស់ប្រទេសកូរ៉េខាងជើងត្រូវបានហាមឃាត់ក្រោមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយសារកម្មវិធីអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង៕

ប្រភព៖ ក្រសួងព័ត៌មាន