បរទេស៖ ប្រទេសថៃត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងផលប៉ះពាល់ដ៏អាក្រក់នៃបាតុភូតអ៊ែលនីណូ (El Niño) នៅពាក់កណ្តាលខែមិថុនា បើទោះបីជារដូវក្តៅឆ្នាំនេះត្រូវបានគេព្យាករថានឹងបញ្ចប់នៅពាក់កណ្តាលខែឧសភាក៏ដោយ។ នេះបើយោងតាមនាយកដ្ឋានឧតុនិយម (MD) របស់ប្រទេសថៃ ដែលបាននិយាយថា វានឹងនាំឱ្យមានស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅក្នុងឆ្នាំនេះ។
លោក ស៊ុមខាវ៉ាន់ តាន់ចាន់ (Somkhwan Tanchan) ប្រធាននាយកដ្ឋានអង្កេតឧតុនិយម MD បានកត់សម្គាល់ថា សីតុណ្ហភាពអតិបរិមាជាមធ្យមមានជាប់លាប់ក្នុងរង្វង់ ៤០អង្សាសេ ចាប់តាំងពីដើមខែនេះមក។
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងភាពធ្ងន់ធ្ងរនៃគ្រោះរាំងស្ងួតនៅក្នុងឆ្នាំនេះលើសពីស្ថានភាពទាំងនៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ដែលប្រទេសថៃអាចនឹងប្រឈមមុខនឹងសីតុណ្ហភាពខ្ពស់ជាបន្តបន្ទាប់ទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ។
នាយកដ្ឋាន MD ក៏បានសម្តែងការព្រួយបារម្ភផងដែរទាក់ទងនឹងផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដែលអាចបណ្តាលមកពីកំដៅឡើងខ្ពស់ ជាបន្តបន្ទាប់។ នៅថ្ងៃទី២១ ខែមេសា សន្ទស្សន៍កំដៅ (HI) បានចុះបញ្ជីការប្រកាសអាសន្នក្នុងកម្រិត ៥៤អង្សាសេនៅក្នុងសង្កាត់បាងណានៃទីក្រុងបាងកក ក៏ដូចជានៅក្នុងខេត្តចុនបុរី និងខេត្តភូកេត ដូចដែលត្រូវបានរាយការណ៍ដោយលោក ជុមផារី ជុមភូរ៉ាត់ (Chomphari Chomphurat) អគ្គនាយករបស់នាយកដ្ឋាន MD ។ HI ដែលគេហៅថាជាសីតុណ្ហភាពជាក់ស្តែង បានឆ្លុះបញ្ចាំងពីសីតុណ្ហភាពដែលរាងកាយមនុស្សទទួលបាននៅពេលសំណើមដែលទាក់ទងត្រូវបានផ្សំជាមួយនឹងសីតុណ្ហភាពខ្យល់។
យោងតាមព័ត៌មានដែលបានចេញផ្សាយដោយនាយកដ្ឋានសុខាភិបាលបានឱ្យដឹងថា សីតុណ្ហភាព HI ចាប់ពី ៤១អង្សាសេដល់ ៥៤អង្សារសេ បានបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលយ៉ាងខ្លាំង ជាពិសេសជាមួយនឹងការប៉ះពាល់នឹងកំដៅយូរ៕
ប្រភព៖ ក្រសួងព័ត៌មាន