បរទេស៖ អតិផរណាស្នូលរបស់ប្រទេសសិង្ហបុរី ដោយមិនរាប់បញ្ចូលថ្លៃដឹកជញ្ជូនឯកជន និងការស្នាក់នៅ បានធូរស្រាលមកនៅត្រឹម ៥% កាលពីក្នុងខែមីនា ដែលទាបជាងចំនួន ៥,៥% ដែលបានកត់ត្រាកាលពីក្នុងខែកុម្ភៈ និងការប៉ាន់ប្រមាណរបស់ក្រុមអ្នកជំនាញដែលមានចំនួន ៥,១%។
យោងតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានឱ្យដឹងថា វាគឺជាលើកទីមួយហើយដែលអតិផរណាស្នូលបានធ្លាក់ចុះចាប់តាំងពីខែតុលាឆ្នាំមុនមក។
ពួកគេបាននិយាយថា ការសម្របសម្រួលត្រូវបានជំរុញដោយការកើនឡើងតិចតួចនៃតម្លៃសេវាកម្ម អាហារ ការលក់រាយ និងទំនិញផ្សេងៗទៀត។
នៅក្នុងរបាយការណ៍របស់ខ្លួនដែលបានចេញផ្សាយនៅថ្ងៃទី១៤ ខែមេសា អាជ្ញាធរ MAS បានសម្រេចចិត្តរក្សាគោលនយោបាយរូបិយវត្ថុរបស់ខ្លួនបន្ទាប់ពីការរឹតបន្តឹងចំនួន ៥ដងជាប់ៗគ្នាចាប់តាំងពីខែតុលា ឆ្នាំ២០២១ មក ដោយបានលើកឡើងពីការកើនឡើងហានិភ័យនៃកំណើនពិភពលោក និងទំនោរនៃការបន្ធូរបន្ថយអតិផរណា។
អាជ្ញាធរ MAS ក៏បានព្យាករផងដែរថា អតិផរណាស្នូលនឹងនៅតែធូរស្រាលក្នុងប៉ុន្មានខែខាងមុខ ប៉ុន្តែនឹងធ្លាក់ចុះជាបណ្តើរៗនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ហើយនឹងថយចុះយ៉ាងខ្លាំងនៅក្នុងរយៈពេលចុងឆ្នាំ៕
ប្រភព៖ ក្រសួងព័ត៌មាន