បរទេស៖ ទិវាសប្តាហ៍ដែនសមុទ្រសិង្ហបុរីលើកទី១៧ (SMW) ឆ្នាំ២០២៣ ក្រោមប្រធានបទ «មហិច្ឆតាសម្រេចសកម្មភាព» បានធ្វើពិធីបើកកាលពីថ្ងៃទី២៤ ខែមេសា ដោយមានការចូលរួមពីសហគមន៍ដែនសមុទ្រពិភពលោករួមគ្នាដើម្បីចាត់វិធានការរួម និងពន្លឿនដល់ការធ្វើឌីជីថលភាវូបនីយកម្ម និងការលុបបំបាត់ការបំភាយឧស្ម័នកាបូនិច។
ដោយត្រូវបានរៀបចំឡើងដោយអាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី (MPA) និងដោយមានការសហការជាមួយអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្ម និងសហគមន៍ស្រាវជ្រាវ ព្រឹត្តិការណ៍ដែលមានរយៈពេលមួយសប្តាហ៍នោះត្រូវបានគេរំពឹងថានឹងប្រមូលផ្តុំដោយក្រុមអ្នកជំនាញផ្នែកសមុទ្រប្រហែល ២០.០០០នាក់ រួមទាំងគណៈប្រតិភូមកពីរដ្ឋាភិបាល អាជ្ញាធរកំពង់ផែ អង្គការអន្តរជាតិ និងក្រុមអ្នកជំនាញក្នុងឧស្សាហកម្មនេះក្នុងចំណោមអ្នកចូលរួមដទៃទៀត។
ថ្លែងសុន្ទរកថាក្នុងពិធីបើកព្រឹត្តិការណ៍ SMW នោះ លោក អេស អ៊ីសវ៉ារ៉ាន់ (S Iswaran) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសិង្ហបុរី និងជារដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្មបានសង្កត់ធ្ងន់ទៅលើវិស័យចំនួនបីនៃមហិច្ឆិតាសម្រាប់ការបន្តរីកចម្រើន និងជោគជ័យក្នុងឧស្សាហកម្មដែនសមុទ្រ ពោលគឺការធានានូវវឌ្ឍនភាពជាលំដាប់សម្រាប់ការលុបបំបាត់ការបំភាយឧស្ម័នកាបូនិចក្នុងសមុទ្រ ការតម្រឹមស្តង់ដារអន្តរជាតិក្នុងការអនុវត្តឆ្ពោះទៅរកការធ្វើឌីជីថលភាវូបនីយកម្មកាន់តែធំ និងកិច្ចខិតខំប្រឹងប្រែងទ្វេដងដើម្បីទាក់ទាញ និងបណ្តុះបណ្តាលអ្នកមានទេពកោសល្យ។
ព្រឹត្តិការណ៍ដែលមានរយៈពេលរហូតដល់ថ្ងៃទី២៨ ខែមេសានោះ មានកម្មវិធីប្រមាណជិត៥០ ជាពិសេសកិច្ចពិភាក្សាទៅលើទស្សនវិស័យរបស់ថ្នាក់ដឹកនាំ SMW ស្តីពីការផ្លាស់ប្តូរបៃតងតាមសមុទ្រ និងសិក្ខាសាលាស្តីពីបច្ចេកវិទ្យាសមុទ្រ និងធនធានមនុស្ស៕
ប្រភព៖ ក្រសួងព័ត៌មាន