ទីភ្នាក់ងារវិទ្យាសាស្ត្ររបស់អង្គការណាសា និងកូរ៉េខាងត្បូងនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ក្នុងបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងផ្នែកលំហអាកាស

0

អាមេរិក៖ មន្ត្រីសេតវិមានបាននិយាយថា នៅថ្ងៃអង្គារ៍នេះ ទីភ្នាក់ងារវិទ្យាសាស្ត្ររបស់អង្គការណាសា និងកូរ៉េខាងត្បូងនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ក្នុងបំណងជំរុញកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ក្នុងផ្នែកលំហអាកាស ខណៈដែលក្នុងសប្តាហ៍នេះ សម្ព័ន្ធមិត្តទាំងពីរជួបគ្នា ដើម្បីពង្រីកភាពជាដៃគូបច្ចេកវិទ្យាកម្រិតខ្ពស់ និងទំនាក់ទំនងសន្តិសុខ ដើម្បីរារាំងកូរ៉េខាងជើង។

កិច្ចព្រមព្រៀងនេះកើតឡើង នៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍នេះ ដែលមិនធ្លាប់មានក្នុងរយៈពេល ១២ឆ្នាំ សម្រាប់កិច្ចប្រជុំកំពូលទ្វេភាគីដែលប្រារព្ធខួបលើកទី៧០ នៃសម្ព័ន្ធភាពសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

មន្ត្រីសេតវិមាន និងមន្ត្រីអង្គការណាសាបាននិយាយថា នៅថ្ងៃអង្គារ៍នេះ នាយករងផ្នែករដ្ឋបាលរបស់អង្គការណាសាលោកស្រី Pam Melroy និងរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រ និងICT របស់កូរ៉េខាងត្បូងលោក Jong-Ho Lee នឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីគោលបំណងសម្រាប់កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវរុករកអវកាស និងវិទ្យាសាស្រ្តនៅឯមជ្ឈមណ្ឌលហោះហើរអវកាស Goddard របស់ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិកក្នុងរដ្ឋ Maryland ។

មន្ត្រីសេតវិមានបាននិយាយទៀតថា នៅថ្ងៃអង្គារ៍នេះ សេចក្តីថ្លែងការណ៍រួមដែលនឹងត្រូវចុះហត្ថលេខា មុនពេលលោក Yoon និងអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris ធ្វើដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលហោះហើរអវកាស Goddard នឹងបញ្ជាក់ពីគោលបំណងដើម្បីធ្វើការរួមគ្នាលើវិស័យជាច្រើនដូចជា ទំនាក់ទំនង ការរុករកនៅទីអវកាស និងការស្រាវជ្រាវលើឋានព្រះច័ន្ទ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ