បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បានទៅដល់ទីក្រុងញូវយ៉កហើយសម្រាប់រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមេសា ដើម្បីចូលរួមក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។
លោកស្រីបានសរសេរនៅលើបណ្តាញតេឡេក្រាមរបស់លោកស្រីថា «លោក ស៊ែរហ្គេយ ឡាវរ៉ូវ បានទៅដល់ទីក្រុងញូវយ៉កហើយ ហើយនៅថ្ងៃអង្គារនេះ លោកនឹងចូលរួមក្នុងសម័យប្រជុំរបស់ UNSC »។
លោកស្រីក៏បានកត់សម្គាល់ផងដែរថា ក្នុងពេលដំណាលគ្នានោះ មនុស្សជាង ៧០០.០០០នាក់បានតាមដានការហោះហើររបស់លោកដោយប្រើកម្មវិធី Flightradar ជាមួយនឹងចំនួនសរុបជិត ៣លាននាក់ ដែលវាជា «កំណត់ត្រាមួយ»។
កាលពីថ្ងៃចន្ទ អ្នកការទូតកំពូលរុស្ស៊ីរូបនេះជួបប្រជុំជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីយ៉ូ ហ្គូតេរេស (Antonio Guterres)។ នៅពេលមុននេះ អ្នកតំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី ណេបេនយ៉ា (Vasily Nebenzya) បាននិយាយថា ប្រទេសរុស្ស៊ីមានប្រធានបទមួយចំនួនសម្រាប់ពិភាក្សាក្នុងកិច្ចប្រជុំនោះ។
លើសពីនេះទៀត លោក ឡាវរ៉ូវ បានអញ្ជើញអ្នកការទូតកំពូលនៃបណ្តាប្រទេសមួយចំនួន ដែលរួមមានទាំងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្ល៊ីនខេន (Antony Blinken) ឱ្យចូលរួមក្នុងសម័យប្រជុំ UNSC ដែលដឹកនាំដោយប្រទេសរុស្ស៊ីនោះផងដែរ។ បញ្ហានៃអន្តរកម្មទល់មុខគ្នារវាងលោក ឡាវរ៉ូវ និងលោក ប្ល៊ីនខេន នៅអង្គការសហប្រជាជាតិនៅតែបើកចំហ។ យោងតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានឱ្យដឹងថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណាសម្រាប់កិច្ចប្រជុំជាមួយលោក ប្ល៊ីនខេន ហើយមិនដែលបដិសេធចំពោះសំណើនៃកិច្ចសន្ទនារបស់ភាគីសហរដ្ឋអាមេរិកនោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ មុនពេលដែលគណៈប្រតិភូរុស្ស៊ីចាកចេញទៅកាន់ទីក្រុងញូវយ៉ក អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ រីយ៉ាប់កូវ (Sergey Ryabkov) បាននិយាយថា មិនទាន់មានផែនការសម្រាប់កិច្ចប្រជុំបែបនេះនៅឡើយទេ ហើយលទ្ធភាពរបស់វា «នឹងត្រូវបានកំណត់ទៅតាមកាលៈទេសៈជាក់ស្តែង»៕
ប្រភព៖ ក្រសួងព័ត៌មាន