ប្រទេសចំនួន ១០ នឹងប្រជែងគ្នាយកមេដាយ លើប្រភេទកីឡាសីដក់-ឈិនឡូន

0

ភ្នំពេញ៖ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា និងសមាគមសីប៉ាក់តាក្រអាស៊ីបានរៀបចំពិធីចាប់ឆ្នោតចែកពូល នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ពិធីចាប់ឆ្នោតចែកពូលនេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈីនឡូនកម្ពុជា និងលោក Abdul Halim Bin Karder ប្រធានសមាគមសីដក់អាស៊ី (Asian Sepaktakraw Assiciation) ដោយមានការចូលរួមជាសាក្សីពីតំណាងប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីជាសក្ខីភាពនូវការបែងចែកពូលនេះប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។

លោក Abdul Halim Bin Karder ប្រធានសមាគមសីដក់អាស៊ីបានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ព្រមទាំងប្រតិបត្តិករកីឡា CAMSOC-CAMAPGOC ដែលបានអនុញ្ញាតឱ្យសហព័ន្ធបានរៀបចំការចាប់ឆ្នោតចែកពូល សម្រាប់ប្រភេទកីឡាសីដក់ និងឈិនឡូន សម្រាប់ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣។

ការចាប់ឆ្នោតបែងចែកពូលនេះត្រូវបានធ្វើឡើងក្រោមការនីតិវិធីរបស់គណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីឡាសីដក់ និងឈិនឡូនអាស៊ី ដែលធ្លាប់បានធ្វើក្នុងការប្រកួតកីឡាស៊ីហ្គេម កន្លងមក។

លោក ទុយ ប៊ុនហឿន អនុប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាបញ្ជាក់ថា សម្រាប់ប្រភេទកីឡាសីដក់គឺមាន១០ប្រទេសក្នុងអាស៊ីអាគ្នេយ៍បានចូលរួមប្រកួតប្រជែងមេដាយចំនួន១០វិញ្ញាសា ខណៈប្រភេទកីឡាឈិនឡូនមាន៧ប្រទេសប្រជែងមេដាយលើ១១វិញ្ញាសា ដោយប្រទេសខ្លះមិនបានចូលរួមលើវិញ្ញាសាឈិនឡូននេះទេ។ លោកបានបន្ថែមថា៖ «តាមការកំណត់ក្នុងស៊ីហ្គេម គឺចាប់ពី៤ប្រទេសឡើងទៅចូលរួមប្រកួតក្នុង១វិញ្ញាសា ទើបវិញ្ញាសា១នេះអាចរៀបចំការប្រកួតបាន ប៉ុន្តែមានវិញ្ញាសាខ្លះមានត្រឹមតែ៣ប្រទេសប៉ុណ្ណោះ ដោយនេះជាគោលការណ៍របស់ សហព័ន្ធសីដក់អាស៊ី ព្រមទាំងមានការឯកភាពពីបណ្តាប្រទេសដែលចូលរួម»។

គួរបញ្ជាក់ថា ប្រភេទកីឡាសីដក់ និងឈិនឡូននេះមានវិញ្ញាសាសរុបចំនួន២១ ក្នុងនោះប្រភេទកីឡាសីដក់មាន១០វិញ្ញាសា និងឈិនឡូនមាន១១វិញ្ញាសា ដោយគ្រោងនឹងដំណើរការប្រកួតពីថ្ងៃទី០៦ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក៕

ប្រភព៖ ក្រសួងព័ត៌មាន