បរទេស៖ វ៉ារ្យ៉ង់អូមីក្រុងថ្មីកំពុងរីករាលដាលនៅក្នុងសហរដ្ឋអាមេរិក ហើយមានចំនួនជិត ១០% នៃករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ប្រចាំសប្តាហ៍ ដែលត្រូវបានរាយការណ៍នៅទូទាំងប្រទេស។ នេះបើយោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃសុក្រដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) ។
វ៉ារ្យង់ XBB.១.១៦ ត្រូវបានបន្ថែមដោយ CDC ទៅក្នុងកម្មវិធីតាមដានវ៉ារ្យ៉ង់។ ក្រុមអ្នកជំនាញបានព្រមានថា ភាគរយនេះត្រូវបានគេរំពឹងថានឹងកើនឡើងនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយវាអាចក្លាយជាប្រភេទវ៉ារ៉្យង់ឆ្លងដ៏លេចធ្លោបន្ទាប់នៅក្នុងប្រទេស។
ទិន្នន័យ CDC បានបង្ហាញឱ្យដឹងថា វ៉ារ្យ៉ង់អូមីក្រុងដែលអាចឆ្លងបានខ្ពស់ គឺ XBB.១.៥ នៅតែជាវ៉ារ៉្យង់ដែលលេចធ្លោនៅក្នុងសហរដ្ឋអាមេរិក ហើយមានចំនួនប្រហែល ៧៣,៦% នៃករណីជំងឺកូវីដ១៩ ថ្មីនៅសប្តាហ៍នេះ។
អង្គការសុខភាពពិភពលោកកំពុងតាមដានវ៉ារ្យង់ XBB.១.១៦ ដែលកំពុងរួមចំណែកដល់ការកើនឡើងថ្មីៗនៃករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា