សម្ដេចតេជោ ហ៊ុន សែន៖ យើងរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកនេះ ឱ្យគេហៅថា ខ្មែរ ប្រទេសតូច ប្រទេសក្រ ក៏ប៉ុន្តែបេះដូងធំទូលាយជាងមហាសមុទ្រទៅទៀត

0

ភ្នំពេញ៖ ជាមួយនឹងការចំណាយថវិកាបន្ថែម ប្រមាណជា ៧លានដុល្លារអាម៉េរិកថែមទៀត ដើម្បី​ចិញ្ចឹម​កីឡាករ កីឡាការិនី មិត្តភក្ដិបរទេសដែលមកប្រកួតនោះ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងរៀបចំ​ការ​ប្រកួត​កីឡាស៊ីហ្គេមលើកនេះ ឱ្យគេហៅថា «ខ្មែរ ប្រទេសតូច ប្រទេសក្រ ក៏ប៉ុន្តែ​បេះដូង​ធំ​ទូលាយជាងមហាសមុទ្រទៅទៀត»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ក្នុងខណៈដែលសម្ដេចតេជោ និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌ​សីមា​ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឥឡូវនេះព្រះអគ្គិជ័យកីឡា យើងបានរត់ឆ្លង​កាត់​ចំនួន១០ប្រទេសរួចហើយ លើកលែងតែប្រទេសព្រុយណេសារុយសាឡឹម ដែលជាប់​បុណ្យរ៉ាម៉ាដនមិនអាចទទួលបាន។ ទន្ទឹមនេះ ពេលចូលមកក្នុងប្រទេស យើងនឹងរត់ព្រះ​អគ្គិជ័យកីឡាពីខេត្តស្ទឹងត្រែង ឆ្លងកាត់មកកាន់ខេត្តក្រចេះ បន្តទៅខេត្តកំពង់ចាម ខេត្ត​កណ្ដាល និងចូលមករាជធានីភ្នំពេញ និង វិមានឈ្នះ ឈ្នះ។ បន្ទាប់មក​នឹងមានការរត់បន្ត​គ្នា​នៅទីក្រុងភ្នំពេញ មុននឹងរត់ឆ្លងកាត់បណ្ដាខេត្តជុំវិញបឹងទន្លេសាប រួចចូលមកកាន់​រាជ​ធានីភ្នំពេញវិញ ដើម្បីបើកការប្រកួតកីឡាស៊ីហ្គេម។ សម្ដេចតេជោគូសបញ្ជាក់ថា៖  «អីចឹង យើងធ្វើម្ចាស់ផ្ទះឆ្នាំនេះ ដែលគេហៅថា អត់គិតថ្លៃទាំងអស់ សម្រាប់អ្នកដែលមកចូល​រួម​ទស្សនា ទាំងប្រជាជនកម្ពុជា ទាំងជនបរទេស។ ខ្មែរលើកនេះ ធ្វើគឺថាឱ្យគេស្គាល់បេះ​ដូង​ខ្មែរ​ពិតប្រាកដ។ យើងចំណាយប្រមាណជា ៧លានដុល្លារអាម៉េរិកថែមទៀត ដើម្បីចិញ្ចឹម​កីឡាករ កីឡាការិនី មិត្តភក្ដិបរទេសដែលមកប្រកួត ដែលតាមធម្មតាគេយក​៥០ដុល្លារ​អាម៉េរិកដែលកីឡាករ កីឡាការិនី មកចូលរួមប្រកួត។ ឯយើងអត់ឱ្យបង់ថ្លៃទេ យើងទទួល​បន្ទុក​ចិញ្ចឹមគេ។ ប៉ុន្តែសូមបញ្ជាក់ឱ្យហើយចំពោះ​អ្នក​ដែលមកគាំទ្រ ត្រូវបង់សណ្ឋាគារ និង​សេវានានាដោយខ្លួនឯង យើងទទួលបន្ទុកតែ​កីឡាករ កីឡាការិនី និងគ្រូកីឡា​តែ​ប៉ុណ្ណោះ។»

សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា  យើងរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកនេះ ឱ្យគេហៅថា «ខ្មែរ ប្រទេសតូច ប្រទេសក្រ ក៏ប៉ុន្តែបេះដូងធំទូលាយជាង​មហាសមុទ្រ​ទៅ​ទៀត»។ សម្តេចតេជោនាយករដ្ឋមន្រ្ដីសង្ឃឹមថា ប្រទេសខ្លះ នៅពេល រៀបចំការប្រកួត​ស៊ីហ្គេម ក្រោយៗទៀត គេអាចគិតឃើញថា ដោយសារតែ កម្ពុជា មិនយកលុយ​ពី​កីឡាករ​របស់គេដូច្នេះ គេអាចលើកលែង មិនយកលុយ ពីកីឡាករកម្ពុជាយើងវិញ ក៏ថា​បាន។ យើង​មិនបានបង្ខំគេទេ។ នេះជាសន្ដានចិត្ត ដែលយើងចង់ធ្វើ ព្រោះយើងយកលុយ​ប៉ុណ្ណឹង​មក ក៏វាមិនធ្វើឱ្យយើងក្លាយជាអ្នកមានបានដែរ ហើយបើយើងលក់សំបុត្រ ឱ្យប្រជាពលរដ្ឋ​ចូលមើល ក៏វាមិនមិនក្លាយជាអ្នកមានដែរ ។ ផ្ទុយទៅវិញ ដាក់បន្ទុកលើប្រជាពលរដ្ឋ ដែល​រង់​ចាំអស់រយៈពេល ៦៦ ឆ្នាំរួចមកហើយ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏សូមអំពានាវប្រជាពលរដ្ឋ នៅទីក្រុងភ្នំពេញ និងនៅបណ្ដាខេត្ត ដែលមានទីតាំងប្រកួតកីឡា សូមមេត្តាយោគយល់ដល់ការរៀបចំនានា ដែលអាចមានការស្ទះចរាចរណ៍ខ្លះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា